ភ្នំពេញ៖ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្ដ និងអភិបាលរង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បញ្ជាឲ្យមន្ត្រី និងកងកម្លាំងទាំងអស់ ត្រូវបង្ក្រាប និងលុបបំបាត់គ្រឿងញៀន នៅតាមទីកន្លែងកម្សាន្ត និង ក្លិប ទាំងអស់ឲ្យបានក្នុងឆ្នាំ២០១៩នេះ។
សម្ដេចក្រឡាហោម ស ខេង បានប្រាប់ថា ទីកន្លែងកម្សាន្ត និង ក្លិប ដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ គឺជាកន្លែងដែលបំពុល និងពង្វក់ស្មារតីយុវជនឲ្យដើរផ្លូវខុស និងបំផ្លាញអនាគតរបស់ពួកគេ។ ដូចនេះទីកន្លែងកម្សាន្ត និង ក្លឹប ទាំងនោះត្រូវ បិទ ឬរឹបអូស ក្នុងករណីសមត្ថកិច្ចបង្ក្រាបម្ដងជាពីរដងហើយ នៅតែមិនរាងចាល នៅលបលួចលាក់ប្រើប្រាស់ និងជួញដូរគ្រឿងញៀនទៀតនោះ។
គួររំម្លឹកផងដែរថា កន្លងមកនេះសមត្ថកិច្ច បានបង្ក្រាបក្លិបកម្សាន្តរ៉ក និងក្លិប ម៉ៃ អាមី ដោយបានឃាត់ខ្លួនមនុស្សរាប់រយនាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ជាមួយការសារទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋចំពោះចំណាត់ការនេះ។