ភ្នំពេញ៖ ចេកអំបូងលឿង ៦កុងតឺន័រ ស្មើនឹង១២០តោន ត្រូវបាននាំចេញជាលើកដំបូង ទៅកាន់ទីផ្សារចិនដោយផ្ទាល់ពីប្រទេសកម្ពុជាដោយ ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ ឯ.ក (Longmat Agriculture Co., Ltd) កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះទន្ទឹមគ្នាជាមួយ ការសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែ ចេកអំបូងលឿង របស់ក្រុមហ៊ុន ក្រោមអធិបតីភាពរបស់លោករដ្ឋមន្ត្រី វេង សាខុន នៅក្នុងស្រុកឈូក ខេត្តកំពតផងដែរ។
អត្ថបទផ្សេងទៀត៖ ជយោ! កម្ពុជា អាចនាំចេញ ចេកអំបូងលឿង ដោយផ្ទាល់ទៅកាន់ប្រទេសចិន

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ប្រទេសចិន ជាប្រទេសដែលមានតម្រូវការ ចេកអំបូងលឿង ច្រើន ស្មើនឹង៤០ភាគរយនៃពិភពលោក ដែលមានចំនួនប្រមាណជាង ៤លានតោនក្នុងមួយឆ្នាំ ហើយការនាំចេញ ចេកអំបូងលឿង ទៅកាន់ប្រទេសចិននេះ ភាគីចិន មិនបានកំណត់កូតានាំចេញ ចេកអំបូងលឿង របស់កម្ពុជានោះទេ។

លោករដ្ឋមន្ត្រី បានបន្តថា ក្រសួងកសិកម្ម បាននិងកំពុងខិតខំ ពង្រឹងកិច្ចសហប្រតិបត្ដិការ ជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រ និងវិនិយោគ លើគ្រប់ខ្សែសង្វាក់តម្លៃកសិកម្ម ចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ឲ្យសមស្របតាមស្តង់ដារ នៃទីផ្សារនាំចេញ ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស។ដើម្បីសម្រេចបានគោលដៅនេះ គ្រប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវបន្តរក្សាកិច្ចសហប្រតិបត្តិការ ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍»។
អត្ថបទផ្សេងទៀត៖ ចេកអំបូងលឿងខេត្តកំពត នាំចេញទៅប្រទេសចិន តាមប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ

ក្រុមហ៊ុនកសិកម្ម Longmate ដែលជាក្រុមហ៊ុនវិនិយោគទុនរួមគ្នា រវាងវិនិយោគិនចិននិងកម្ពុជា ក្នុងទឹកប្រាក់ ៣២ លានដុល្លារ លើផ្ទៃដីជាង ១ ពាន់ ហិកតា ក្នុងស្រុកឈូក ខេត្តកំពត លើដំណាំ ចេកអំបូងលឿង។ បច្ចុប្បន្ន ផ្ទៃដីជាង៤០០ហិកតាកំពុង ប្រមូលផល វេចខ្ចប់ និងដំណើរការនាំចេញ ដោយសង្ឃឹមថា ក្នុងឆ្នាំ២០១៩ ចេកអំបូងលឿង ស្រស់ប្រមាណជាង ២.២ម៉ឺនតោន នឹងត្រូវធ្វើការនាំចេញ ហើយឆ្នាំ២០២០ រំពឹងថា បរិមាណនាំចេញ ចេកអំបូងលឿង នេះនឹងកើនឡើងដល់ជាង ៣ម៉ឺនតោន។

ចេកអំបូងលឿង ជាប្រភេទចេក ដែលមានភាពធន់ជាមួយការដឹកជញ្ជូន មិនងាយទុំជោរ និងមានសម្បកក្រាស់។ ចេកប្រភេទនេះអាចផ្តល់ផលពី ៦០-៧៣ តោនក្នុង ១ ហិកតាក្នុង ១ ឆ្នាំ ដែលគេអាចប្រមូលផល ៣ ដងក្នុងរយៈពេល ២ ឆ្នាំ។

អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៨ នៅប្រទេសកម្ពុជាមានកសិដ្ឋានដាំចេកអំបូងលឿងធំៗនៅក្នុងខេត្តចំនួន ៣ រួមមាន ខេត្តរតនគិរី, ក្រចេះ និងខេត្តកំពត ដោយមានផ្ទៃដីសរុបចំនួន ៤៩៩៦ ហិកតា កំពុងដាំចេកអំបូងលឿង សម្រាប់ធ្វើការនាំចេញ៕
