ភ្នំពេញ៖ ក្រុមការងារមកពីសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) បានប្រាប់ថា ក្រុមហ៊ុននឹងធ្វើការសិក្សាបន្ថែមទៀត លើគម្រោងផ្លូវដែកលើអាកាសទោល និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីកែលម្អរការដឹកជញ្ជូនសាធារណៈ នៅក្នុងរាជធានីភ្នំពេញ។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់រវាងលោក Wang Wenzhong ជាមួយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅនេះ។

បើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងដឹកជញ្ជូន ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) កំពុងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីធ្វើការសិក្សាលើការកែលម្អរប្រព័ន្ធផ្លូវដែក ដែលមានស្រាប់ នឹងធ្វើការសិក្សាលើគម្រោងផ្លូវដែកទោល និងគម្រោងផ្លូវក្រោមដី នៅរាជធានីភ្នំពេញ ដែលនឹងជួយរដ្ឋាភិបាលកម្ពុជាសម្រេចចិត្ត យកជម្រើសល្អបំផុត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំពេញ។

អ្នកនាំពាក្យក្រសួងសាធារណការ លោក វ៉ា ស៊ឹមសូរិយា ត្រូវបានដកស្រង់សម្ដីដោយខ្មែរថែម យ៉ាងដូច្នេះថា”យើងមិនដឹងថាតើក្រុមនេះ នឹងចំណាយពេលយូរប៉ុណ្ណា ដើម្បីធ្វើការសិក្សានេះទេ។ បច្ចុប្បន្នមានអ្នកជំនាញជនជាតិចិនចំនួន ១៨ នាក់កំពុងធ្វើការជាមួយមន្ត្រីកម្ពុជាដើម្បីប្រមូលទិន្នន័យ “។
ដំណើរទស្សនកិច្ចរបស់ ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចបានស្នើរសុំឲ្យក្រុមហ៊ុននេះ ជួយធ្វើឲ្យប្រព័ន្ធផ្លូវដែកមានប្រសិទ្ធិភាពជាងមុន កាលពីពីរសប្តាហ៍កន្លងទៅក្នុងវេទិកាស្តីពីគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ (BRI) នៅទីក្រុងប៉េកាំង។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជាក៏បានស្នើឲ្យ ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) រៀបចំការសិក្សាលទ្ធភាពសម្រាប់ផ្លូវរថភ្លើងថ្មីមួយខ្សែទៀត ដែលតភ្ជាប់សៀមរាប ទៅសិរីសោភ័ណ្ឌក្នុងខេត្តបន្ទាយមានជ័យផងដែរ។
បច្ចុប្បន្ននេះប្រទេសកម្ពុជា មានខ្សែរថភ្លើងចំនួនពីរខ្សែ ដែលតភ្ជាប់ទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងភាគខាងជើងភ្ជាប់ភ្នំពេញទៅក្រុងប៉ោយប៉ែត៕