លោក ប្រា​យុទ្ធ ចាន់​អូ​ចា ទំនង​អាច​នឹង​ធ្វើជា នាយករដ្ឋមន្ត្រី ក្រោយ​ការប្រកាស​គាំទ្រ​ពី​បក្ស​ចំនួន ១១

1273

​ថៃ​៖ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​គណបក្សនយោបាយ​តូចៗ​ចំនួន ១១ ដែលមាន​អ​សនៈ​ម្នា​ក់មួយៗ​នៅក្នុង​សភាតំណាងរាស្ដ្រ ប្រកាស​បោះឆ្នោត​គាំ​ទ្រ ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​។​​

​គណបក្សនយោបាយ​ទាំង ១១ នោះ បានបញ្ជាក់​ផងដែរ​ថា ពួកគេ​គាំទ្រ​ឲ្យ​គណបក្ស ផា​ឡាំង ប្រា​ចា រ៉ាត់ (Palang Pracha Rath) ដែល​ស្និទ្ធ​នឹង​យោធា​ថៃ និង​ទទួលបាន​អ​សនៈ​សរុប ១១៥​នៅ​សភាតំណាងរាស្ត្រ​នោះ ឲ្យ​ដឹកនាំ​រដ្ឋាភិបាលចម្រុះ ដោយ​បក្សរបស់ពួកគេ​មកពី ១១ គណបក្ស នឹងចូលរួម​ជាមួយ​។​

លោក ប្រា​យុទ្ធ ចាន់​អូ​ចា

​គណបក្ស ផា​ឡាំង ប្រា​ចា រ៉ាត់ មាន​គូប្រជែង​ធំ​មួយ គឺ​បក្ស​ភឿ​ថៃ (Pheu Thai) ដែលមាន​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅ​ពីក្រោយ និង​ទទួលបាន​អ​សនៈ​ច្រើនជាងគេ ​ក្នុងការ​បោះឆ្នោត​កាលពីពេល​ថ្មីៗកន្លងទៅ​នេះ រហូតដល់ ១៣៥ នៅក្នុង​សភាតំណាងរាស្ត្រ​។​

ការបោះឆ្នោតនៅប្រទេសថៃ

​គួរ​រំ​ម្លឹ​ក​ផងដែរ​ថា សភាតំណាងរាស្ត្រ​ថៃ​ដែលមាន​សមាជិក ៥០០​នាក់ និង​ព្រឹទ្ធសភា​ថៃ ដែលមាន​សមាជិក ២៥០​នាក់ នឹង​រួមគ្នា​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី តាមបែប​លទ្ធិប្រជាធិបតេយ្យ​ក្នុងពេល​ឆាប់ៗ​ខាងមុខ តែ​សមាជិក​ទាំង ២៥០​នាក់​នៅ​ព្រឹទ្ធសភា​ដែល​ត្រូវបាន​ជ្រើសរើស ដោយ​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់​ថៃ​ដឹកនាំ​ដោយ​លោក លោក ប្រា​យុទ្ធ ចាន់​អូ​ចា ហេតុដូច្នេះ​ពួកគេ​ទាំង ២៥០​នាក់ ត្រូវបាន​អ្នកវិភាគ​លើកឡើងថា ប្រាកដជា​គាំទ្រ​គណបក្ស ផា​ឡាំង ប្រា​ចា រ៉ាត់ របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា ជាមិនខាន​។ ដើម្បី​ជាប់​ជា​នាយករដ្ឋមន្ត្រី បេក្ខភាព​នីមួយៗ ត្រូវការ​សំឡេងគាំទ្រ ៣៧៦​សំឡេង​៕​