ប្រទេសចិន ហាក់ដូចជាមិនទាន់បញ្ចេញសកម្មភាពវ៉ៃបក ទៅសហរដ្ឋអាមេរិកវិញភ្លាមទេ ចំពោះការធ្វើទុក្ខបុកម្និញ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ ទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន ដែលស្ទើរតែធ្វើឲ្យក្រុមហ៊ុនមួយនេះអស់ផ្លូវនឹងដើរ។
ក្រុមអ្នកវិភាគបានធ្វើការគន់គូរ ប្រមើមើលឃើញថា ប្រទេសចិន នៅមានចំណុចខ្លាំងចំនួន ២ ទៀត សម្រាប់វ៉ៃបកទៅសហរដ្ឋអាមេរិកវិញ បានយ៉ាងចាស់ដៃ ប្រសិនប្រទេសចិនបើចង់វ៉ៃបកនោះ។
តែរហូតមកដល់ពេលនេះ លោក ស៊ី ជិនពីង មិនទាន់មានសកម្មភាពអ្វីធំដុំ ជាការដាក់បន្ទុកខ្លាំងទៅលើសហរដ្ឋអាមេរិកវិញសោះ ខណៈក្រុមហ៊ុនបច្ចេកវិទ្យា Huawei ហាក់ដូចជាកំពុងតែស្ថិតនៅក្នុងទឹកដាំពុះ ចាប់តាំងពីដើមសប្ដាហ៍នេះរហូតមក ហើយបានប្រកាសចេញវិធានការដោះស្រាយជាបន្តបន្ទាប់ ទៅលើផលប៉ះពាល់ចំពោះក្រុមហ៊ុនរបស់ខ្លួន ហើយចំណែកឯរដ្ឋាភិបាលចិន បានសម្រេចលើកលែងពន្ធ សម្រាប់ក្រុមហ៊ុនផលិតឈីប និង អភិវឌ្ឍន៍ Software រយៈពេល៥ឆ្នាំ ក្នុងគោលបំណងលើកស្ទួយឧស្សាហកម្ម បច្ចេកវិទ្យារបស់ខ្លួន ដើម្បីឈប់ពឹងផ្អែក ទៅលើបរទេស។
តើ ប្រទេសចិន មានអ្វីខ្លះ នៅក្នុងដៃ ដែលអាចតតាំងជាមួយ សហរដ្ឋអាមេរិក ?
នៅដើមសប្តាហ៍នេះ លោក ស៊ី ជិនពីង បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រកែច្នៃ ធនធានរ៉ែ ដ៏កម្ររបស់ផែនដី (Rare Earth Element) នៅឯទីក្រុង កាន់ចូវ (Ganzhou) ភាគខាងកើតប្រទេសចិន។ តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកវិភាគស្ថានការណ៍អន្តរជាតិ យល់ឃើញថា ប្រទេសចិន អាចនឹងយកធនធានរ៉ែដ៏សំខាន់នេះ ធ្វើជាអាវុធដ៏មុតស្រួចមួយ សម្រាប់ធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។
ហេតុអ្វី បានជាធនធានរ៉ែ ដ៏កម្ររបស់ផែនដី (Rare Earth Element) ជាអាវុធដ៏មុតស្រួច?
ពីព្រោះ ធនធានរ៉ែ ដ៏កម្ររបស់ផែនដី Rare Earth គឺជាក្រុមធាតុរ៉ែចំនួន ១៧ ដែលជាសមាសធាតុផ្សំយ៉ាងចាំបាច់ នៃគ្រឿងបរិក្ខាយោធា និងសម្ភារៈទំនើប នាពេលបច្ចុប្បន្ន រួមមានទាំងកុំព្យូទ័រយួរដៃ រហូតដល់យានជំនិះអេឡិចត្រូនិច និងប្រព័ន្ធសព្វាវុធ ហើយប្រទេសចិន គឺជាអ្នកផ្ដត់ផ្គង់ ៩០ភាគរយ នៃការផលិតនិងកែច្នៃធនធាននេះ នៅទូទាំងពិភពលោក។ សូម្បីតែសហរដ្ឋអាមេរិក ក៏ពឹងផ្អែកយ៉ាងធំធេងលើការនាំចូលធនធាន ធនធានរ៉ែ ដ៏កម្ររបស់ផែនដី Rare Earth ពីប្រទេសចិនដែរ ហើយធនធាននេះ សហរដ្ឋអាមេរិកពុំទាន់ មានគម្រោងដំឡើងពន្ធនៅឡើយទេ។
គ្រាន់តែកាលពីឆ្នាំ២០១០ នៅពេលដែលប្រទេសចិន បានកាត់បន្ថយកូតានាំចេញ ៤០ភាគរយសោះ បានធ្វើឲ្យ សហភាពអឺរ៉ុប អាមេរិក និងជប៉ុន រត់ទៅប្តឹងតវ៉ា អង្គការពាណិជ្ជកម្មពិភពលោកភ្លាមៗ ព្រោះតែរងការប៉ះពាល់យ៉ាងខ្លាំងចំពោះខ្លួន។ ប្រសិនបើប្រទេសចិន មិនផ្ដល់ ធនធានរ៉ែ ដ៏កម្ររបស់ផែនដី Rare Earth នេះទៅឲ្យសហរដ្ឋអាមេរិកទេ អាចនឹងធ្វើឲ្យឧស្សាហកម្មមួយភាគធំ របស់សហរដ្ឋអាមេរិក ជាប់គាំងស្មេញ ដូចជាខាង ចម្រាញ់ប្រេង ថាមពលកម្លាំងខ្យល់បក់ និងវិស័យផលិតបរិក្ខាការពារជាតិជាដើម។
សម្រាប់ចំណុចមួយទៀតនោះគឺ ប្រទេសចិនជាម្ចាស់បំណុលធំជាងគេបង្អស់ របស់រដ្ឋាភិបាលអាមេរិក ដោយប្រទេសចិន មានមូលបត្របំណុលអាមេរិកនៅក្នុងដៃដល់ទៅជាង ១.២ ទ្រីលានដុល្លារ (ពាន់ពាន់លាន) ឬស្មើនឹង០៧ភាគរយ នៃតម្លៃទីផ្សារពិភពលោកទាំងមូល។
ប្រទេសចិន អាចលក់មូលបត្របំណុលអាមេរិកនេះ ដើម្បីយកប្រាក់បំពេញទុនបម្រុងរបស់ខ្លួនឡើងវិញ ឬក៏ដើម្បីលើកកម្ពស់ប្រាក់យ័នរបស់ខ្លួន។
បើប្រទេសចិន សម្រេចជ្រើសរើសលក់មូលបត្របំណុលអាមេរិកទាំងអស់ វានឹងធ្វើឲ្យលុយដុល្លារអាមេរិកចុះខ្សោយខ្លាំង ហើយការប្រាក់ដែលអាមេរិក ត្រូវបង់ក៏នឹងឡើងខ្ពស់កប់ពពក ដែលអាចបណ្តាលឲ្យសេដ្ឋកិច្ចរបស់អាមេរិកទាំងមូលជួបបញ្ហាធំ។ តែការធ្វើដូចនេះ ក៏ផ្ដល់ផលអវិជ្ជមាន ដល់ប្រទេសចិនខ្លួនឯងវិញផងដែរ ព្រោះការលក់មូលបត្របំណុលអាមេរិក វាអាចធ្វើលុយយ័នរឹងមាំ តែនៅពេលជាមួយគ្នានោះ បានធ្វើឲ្យការនាំចេញផលិតផលរបស់ចិនកាន់តែថ្លៃ និងពិបាកលក់ជាដើម។
យើងនឹងរកចាំមើល ថាតើប្រទេសចិន នឹងធ្វើអ្វីបន្តទៀតចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ហើយថាតើសង្គ្រាមពាណិជ្ជកម្មរវាង ប្រទេសធំទាំង២ ចិន-អាមេរិក ចុងក្រោយវានឹងទៅជាយ៉ាងណា និងផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់ពិភពលោកទាំងមូល៕