ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន Applied Natural Products (ANP) បានអះអាងថា គ្រោងនឹងវិនិយោគ ដើម្បីពង្រីកលើដំណាំចំណីសត្វ ស្មៅផ្អែម ឬ Sorghum រហូតដល់ ២០០០ ហិកតា ដែលមានទីតាំងនៅក្នុងឃុំឆ្លាស់មាន់ ស្រុកគាល់ក្រឡ ខេត្តបាត់ដំបង។
ការអះអាងរបស់ក្រុមហ៊ុនជប៉ុន Applied Natural Products (ANP) បានធ្វើឡើងនៅក្នុងជំនួបរវាង លោក Yuji SEGOSHE ទីប្រឹក្សា និងជាអ្នកសម្របសម្រួលគម្រោងនៃអង្គការ JICA ជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ។
លោក ហេង រតនា បានបញ្ជាក់ថា គម្រោងដាំដំណាំ ស្មៅផ្អែម ឬ sorghum នេះទទួលបានការជួយឧបត្ថម្ភគាំទ្រ ពីរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការទីភ្នាក់ងារ កិច្ចសហប្រតិបតិ្តការអន្តរជាតិជប៉ុន(JICA) សម្រាប់រយ:ពេល០២ឆ្នាំ(២០១៨-១៩) អនុវត្តដោយក្រុមហ៊ុនជប៉ុន Applied Natural Products Co., Ltd (ANP) សហការ និងសម្របសម្រួលជាមួយអង្គការ CMAC និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវដាំដុះនៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ មរតកតេជោ ស្ថិតនៅឃុំឆ្លាស់មាន់ ស្រុកគាល់ក្រឡ ខេត្តបាត់ដំបង។ គំរោងនេះមានថវិកា ជិត១លានដុល្លារ ដោយជួយសាងសង់ឃ្លាំងចំនួន១ ទិញត្រាក់ទរ័៤គ្រឿង និងសំភារះវេចខ្ចប់ ផលិតកម្មផលិតចំណីផ្អាប់ស្មៅsorghum តាមខ្សែចង្វាក់គ្រឿងចក្រទាំងស្រុង។
លោក Yuji SEGOSHE បានលើកឡើងថា កាលពីឆ្នាំ ២០១៨ គម្រោងនេះ ផលិតបានជាចំណីសត្វ ប្រមាណជា ២១១តោន សម្រាប់ផ្គត់ផ្គង់ឲ្យកសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយកន្លែងនៅរាជធានីភ្នំពេញ ដោយក្នុង០១តោន ទទួលបានតម្លៃពី ៧០-៨០ ដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០១៩នេះ គ្រោងបង្កើនការផលិតឲ្យបាន ៤៥០តោន។ លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នផលិតកម្មនៅមានកម្រិត ការផ្គត់ផ្គង់មិនបានគ្រប់គ្រាន់ តាមតម្រូវការទីផ្សារ បញ្ហាចំបង ក្នុងពេលបច្ចុប្បន្នគឺមធ្យោបាយ និងតម្លៃនៃការដឹកជញ្ជូន រួមជាមួយការកង្វះប្រភពទឹកស្រោចស្រព។ ដោយឡែក ដោយពិនិត្យឃើញអំពីសក្តានុពល នៃវិស័យកសិកម្មនៅកម្ពុជា ក្រុមហ៊ុន ក៏មានបំណងបោះទុនវិនិយោគ យកស្មៅប្រភេទនេះមកផលិតជាជីកុំប៉ុស្តិ សម្រាប់បម្រើឲ្យវិស័យកសិកម្មនាពេលអនាគតផងដែរ។
លោករដ្ឋមន្ត្រី វេង សាខុន បានស្នើឲ្យលោក Yuji SEGOSHE និងក្រុមហ៊ុន ANP ពិនិត្យលទ្ធភាពពង្រីកការអនុវត្តគម្រោងឲ្យបានទូលំទូលាយដោយត្រូវ÷ ទី១. រៀបចំចងក្រងសហគមន៍ផលិត ដើម្បីបង្កើនបរិមាណផលិត ធានាដល់ការផ្គត់ផ្គង់។ ទី២. បង្កើនការផ្សព្វផ្សាយពូជ និងបច្ចេកទេសដាំដុះស្មៅប្រភេទនេះឲ្យបានទូលំទូលាយដល់កសិករ និងកសិដ្ឋាន។ ទី៣. បង្វែរគោលដៅផ្គត់ផ្គង់មកផ្គត់ផ្គង់ក្នុងតំបន់ផលិតវិញ ដើម្បីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។ ទី៤. សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបង្កើនការដាំដុះ ជាពិសេសនៅតំបន់ខ្ពង់រាបដើម្បីជួយស្រទាប់ដីមិនឲ្យបាត់បង់ជាតិទឹក និងបង្កើនគុណភាពដី។ ទី៥. រៀបចំ និងបំពេញខ្សែច្រវាក់ផលិតកម្មពីមុនការដាំដុះ រហូតដល់ការធ្វើពាណិជ្ជកម្មឲ្យបានពេញលេញ ដូចជាការដាំដុះ ចិញ្ចឹម និងផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯង៕