សម្តេច​តេ​ជោ ហ៊ុន សែន ស្វាគមន៍​ ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់​ប្រធានាធិបតី​ ហុង​គ្រី នៅ​កម្ពុជា​

3779

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩​នេះ បានប្រកាស​តាម​បណ្តាញ​សង្គម Facebook ដោយ​ស្វាគមន៍​ដល់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក យ៉ា​ណូ​ស អា​ឌ័​រ (Janos Ader) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុង​គ្រី និង​ភរិយា មកកាន់​ប្រទេស​កម្ពុជា​។​

​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុង​គ្រី និង​ភរិយា បាន​អញ្ជើញ​មកដល់​កម្ពុជា​ហើយ នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់ ៣០ ខែតុលា ឆ្នាំ​២០១៩ តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា​។​

​បន្ទាប់ពី​បានមក​ដល់​ប្រទេស​កម្ពុជា​, នៅ​ព្រឹក​មិញ​នេះ លោក​ប្រធានាធិបតី និង​ភរិយា បាន​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ ព្រមទាំង​បាន​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ និង​បំពាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ​ផងដែរ​។​

​តាម​ការប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា បានឱ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោក​ប្រធានាធិបតី នឹង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​។​

​លោក​ប្រធានាធិបតី​ហុង​គ្រី នឹងមាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​នៅក្នុង​ជំនួប​នោះ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន រួមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ការយកចិត្តទុកដាក់​រួម​នឹង​ត្រូវបាន​លើក​យកមក​ពិភាក្សា​។ ក្រៅពីនេះ​លោក​ប្រធានាធិបតី និង​ភរិយា នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​នានា នៅក្នុង​ឧទ្យាន​អង្គរ និង​កន្លែង​សំខាន់ៗ​មួយចំនួន នៅក្នុង​ខេត្តសៀមរាប​។​

​ក្រសួងការបរទេស បាន​បញ្ជាក់ថា​៖ ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​មកកាន់​កម្ពុជា​របស់លោក យ៉ា​ណូ​ស អា​ឌ័​រ មកកាន់​កម្ពុជា នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ហុង​គ្រី ហើយនឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​សាមគ្គីភាព ក៏ដូចជា​បង្កើន​វិសាលភាព​និង​ជម្រៅ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​៕​