ព្រះ​រាជ្យ​ជីវប្រវត្តិ​សង្ខេប ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ​

5078

​នៅ​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ នេះ​គឺជា​ខួប​ទី ១៥ ឆ្នាំ​ហើយ នៃ​ការយាង​សោយរាជ​សម្បត្តិ របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត ។ ខាងក្រោម​នេះ គឺជា​ព្រះ​រាជ្យ​ជីវប្រវត្តិ​សង្ខេប របស់​ព្រះអង្គ​។​

​កុមារភាព និង​ការសិក្សា​

ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រសូត នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ នា​រាជធានី​ភ្នំពេញ ជា​ព្រះរាជ​បុត្រា​របស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ និង​ព្រះមហាក្សត្រី មុនិនាថ សីហនុ ។ ព្រះអង្គ​មាន​ព្រះរៀម និង​ព្រះអនុជ មាតា​ទីទៃ​សរុប​ចំនួន ១៣ អង្គ ប៉ុន្តែ​ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត តែមួយ​អង្គ​ប៉ុណ្ណោះ គឺ​សម្តេច​នរោត្តម ន​រិ​ន្ទ្រ​ពង្ស ។​

​ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦២ ព្រះអង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា ន​រោ​ត្ដម និង​វិទ្យាល័យ​ដេ​កាត នៅ​រាជធានី​ភ្នំពេញ ។ បន្ទាប់មក ព្រះអង្គ ត្រូវបាន​ព្រះរាជ​បិតា បញ្ជូនទៅ​ទីក្រុង​ប្រាគ ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី នា​ឆ្នាំ​១៩៦២ ។ នៅ​ទីនោះ ព្រះអង្គ​បាន​សិក្សា​ផ្នែក​តន្ត្រី និង​របាំ​បុរាណ រហូតដល់​ឆ្នាំ​១៩៧៥ ។​

​ព្រះអង្គ ស្ទាត់ជំនាញ​ខាង​ភាសា​សាស្ត្រ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ភាសា​ឆែក យ៉ាង​ស្ទាត់ជំនាញ ហើយ​ព្រះអង្គ ក៏​ជា​ក្សត្រ​ខ្មែរ តែមួយ​ព្រះអង្គ​គត់ ដែល​ចេះ​ភាសា​ឆែក ។ ទីទៃ​ពីនេះ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ភាសា​អង់គ្លេស​និង​រុស្សី​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​

​អំឡុង​រដ្ឋប្រហារ ដឹកនាំ​ដោយ​លោក សេនាប្រមុខ លន់ នល់ នា​ឆ្នាំ​១៩៧០ ព្រះអង្គ​គង់នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី ។ ក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គ បាន​យាង​ចាកចេញ ពី​ទីក្រុង​ប្រាគ ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី និង​បានចាប់ផ្តើម​សិក្សា វិស័យ​ភាពយន្ត នៅ​ប្រទេស​កូរ៉េខាងជើង ។​

​លុះដល់​ឆ្នាំ​១៩៧៧ ព្រះអង្គ បាន​យាង​មាតុភូមិនិវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ ។ ភ្លាមៗ​នោះ ខ្មែរក្រហម​ដែល​កំពុងកាន់​អំណាច​នៅ​កម្ពុជា បាន​ប្រឆាំងនឹង​រាជានិយម ក៏បាន​ឃុំ​ព្រះអង្គ​នៅក្នុង​ព្រះបរមរាជវាំង ជាមួយ​ព្រះរាជវង្សានុវង្ស​ដទៃទៀត រហូតដល់ ឆ្នាំ​១៩៧៩ ជា​ពេលដែល​របប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ ។​

​ការបំពេញ​ការងារ និង​ព្រះ​គោរមងារ​

​ឆ្នាំ​១៩៨១ ព្រះអង្គ បាន​យាង​ទៅកាន់​ទីក្រុង​ប៉ារីស ដើម្បី​បង្ហាត់បង្រៀន របាំ​បា​ឡេ និង​បានទទួល​ព្រះ​តួនាទី ជា​ប្រធាន​សមាគម​របាំ​ខ្មែរ​។ ព្រះអង្គ គង់នៅ​ប្រទេស​បារាំង​ជិត ២០ ឆ្នាំ ប៉ុន្តែ​ជា​ញឹកញាប់ ព្រះអង្គ​ក៏​យាង​ទៅ​ទីក្រុង​ប្រាគ ជាទី​ដែល​ព្រះអង្គ​បាន​ចំណាយពេល​ជាច្រើន កាល​ព្រះអង្គ នៅ​វ័យក្មេង​ផងដែរ ។​

​ឆ្នាំ​១៩៩៣ ព្រះអង្គ ត្រូវបានតែងតាំង ជា​ប្រតិភូ​កម្ពុជា ប្រចាំ​អង្គការ​យូណេស្កូ ដែលមាន​ទីស្នាក់ការ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ជាទី​ដែល​ព្រះអង្គ មាន​ប្រជាប្រិយភាព​ចំពោះ​ការតស៊ូ ធ្វើការ​យ៉ាង​ស្វិតស្វាញ និង​ភក្តីភាព ចំពោះ​វប្បធម៌​ខ្មែរ ។​

​ឯកសារ​នានា បាន​អះអាងថា ព្រះអង្គ ធ្លាប់បាន​បដិសេធ​ចំពោះ​ការតែងតាំង ជា​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​ប្រទេស​បារាំង ប៉ុន្តែ​ឯកសារ​ទាំងនោះ មិនបាន​បញ្ជាក់ អំពី​កាលបរិច្ឆេទ និង​ហេតុអ្វី​ឡើយ ។​

​ព្រះអង្គ ទទួលបាន​ព្រះ​គោរមងារ ជា​ស្ដេច​ក្រុមឃុន នា​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៩៩៤ ហើយ​ត្រូវបាន​ដំ​ឡើងជា​សម្ដេច​ព្រះបរមនាថ នា​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ ២០០៤ ។​

​ការយាង​សោ​រាជ្យសម្បត្តិ និង​គ្រឿង​ឥស្សរិយយស​

បន្ទាប់ពី​បាន​សោយរាជ្យ ជា​លើក​ទី​២ អស់​រយៈពេល ១១ ឆ្នាំ​មក ព្រះករុណា ព្រះបាទ សម្ដេចព្រះ​នរោត្តម សីហនុ បានប្រកាស​ដាក់រាជ្យ នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០០៤ គឺជា​ការប្រកាស​ដាក់រាជ្យ​យ៉ាង​ភ្លាមៗ និង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល ពី​ជនានុជន គ្រប់​មជ្ឈដ្ឋាន ជាពិសេស​នៅក្នុង​សង្គម​ខ្មែរ ។​

​មួយ​សប្តាហ៍​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០០៤ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវបាន​សមាជិក​ទាំង ៩ រូប នៃ​ក្រុមប្រឹក្សារាជបល្ល័ង្ក ជ្រើសតាំង​ជា​ឯកច្ឆន្ទ ដើម្បី​សោយរាជ្យ ជា​ព្រះមហាក្សត្រ នៃ​កម្ពុជា ស្នង​ព្រះបិតា​របស់​ព្រះអង្គ ។ ដោយហេតុ​នោះ ព្រះ​រាជពិធី​រាជាភិសេក​ព្រះអង្គ ជា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ឡើង ជា​ផ្លូវការ នៅក្នុង​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤​។ ចាប់ពីពេលនោះ​មក ថ្ងៃទី ២៩ ខែតុលា បាន​ក្លាយជា​ថ្ងៃ​សម្រាក​សាធារណៈ ។​

​ចំពោះ​គ្រឿង​ឥស្សរិយយស​វិញ ព្រះអង្គ​ទទួលបាន​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ , គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍ , មន្ត្រី​ធំ​នៃ​កងពល​កិត្តិយស នៃ​សាធារណរដ្ឋ​បារាំង និង​មេដាយប្រាក់ នៃ​ក្រុងប៉ារីស នៃ​សាធារណរដ្ឋ​បារាំង ៕​