កំពង់ធំ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជំរុញកសិករជាង ១០០គ្រួសារ នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឱ្យចងក្រងជាក្រុមផលិត ដាំដុះបន្លែសុវត្ថិភាព ដោយធ្វើការសហការជាមួយមន្ទីរកសិកម្មខេត្ត។
ការជំរុញនេះ បានធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនានេះ ខណៈដែលលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានជួបតំណាងកសិករជាង១០០គ្រួសារ ស្ថិតនៅក្នុងភូមិសារី ឃុំសានគរ ស្រុកកំពង់ស្វាយ។
លោក កៅ ថាច ក៏បានជំរុញឱ្យប្រជាកសិករ ចងក្រងជាក្រុមផលិត និងរៀបចំផែនការដាំដុះឱ្យបានច្បាស់លាស់ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារ និងបានណែនាំអំពីគម្រោងឥណទានខ្នាតតូចរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអត្រាការប្រាក់អនុគ្រោះ សម្រាប់ប្រជាកសិករ ដែលមានតម្រូវការឥណទាន។
ជាមួយគ្នានេះ លើបញ្ហាទីផ្សារផលិតផលរបស់កសិករ លោក កៅ ថាច ក៏បានសន្យាថា នឹងជួយភ្ជាប់ទីផ្សារជូនដល់កសិករ នៅពេលដែលកសិករផលិតបានផងដែរ៕