ធនាគារជាតិ ថា ការ​​ចរាចរ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក ​ប្រភេទតូចៗ ជា​ឧបសគ្គ​របស់ ​ប្រាក់រៀលខ្មែរ

870

ភ្នំពេញ៖ កម្ពុជា ដាក់ចេញវិធានការជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយជាងមុន ដើម្បីការពង្រឹងឯករាជ្យភាពក្នុងការដឹកនាំគោលនយោបាយរូបិយវត្ថុ និងរួមចំណែកជំរុញកំ​ណើនសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាព ស្របពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ហើយកំពុងឈានចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។

ក្នុងបរិបទសេដ្ឋកិច្ចសកលកំពុងធ្លាក់ចូលក្នុងវិបត្តិនេះ ធនាគារជាតិនៃកម្ពុជា បានយល់ឃើញថា ការទុកឱ្យចរាចរក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗ គឺជាឧបសគ្គមួយក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល។

កាលពីថ្ងៃទី២៨ ខែឧសភា ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្តីពីបញ្ហាប្រឈមនៃការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។

ក្រោយពីកិច្ចប្រជុំ ធនាគារជាតិនៃកម្ពុជា ពិនិត្យឃើញថា៖ “ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ មានកម្រិតទាបក្នុងទីផ្សារ”។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានសម្រេចទុកពេលចំនួន ៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។ ប៉ុន្តែក្នុងករណីហួសកាលបរិច្ឆេទនេះ គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ។

ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ទោះជាយ៉ាងណាក៏ដោយ ធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ផងដែរថា៖ «ការអនុវត្តវិធានការខាងលើ មិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ»។

បើតាមធនាគារជាតិនៃកម្ពុជា បានឱ្យដឹងទៀតថា ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ប្រាក់រៀល ក៏ដូចជារូបិយប័ណ្ណក្នុងតំបន់បានធ្លាក់ថ្លៃ គួរឱ្យកត់សម្គាល់ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ចំ​ពោះប្រទេសក្នុងតំបន់ តម្លៃរូបិយប័ណ្ណរបស់គេធ្លាក់ថ្លៃ គឺជាចម្បងដោយសារការធ្លាក់ចុះនៃការនាំចេញ និងលំហូរចេញនៃមូលធន។

ចំណែកឯកម្ពុជាវិញ ការធ្លាក់ចុះថ្លៃប្រាក់រៀលគឺដោយសារតម្រូវការប្រាក់រៀលធ្លាក់ចុះ (ដែលជាចម្បងបណ្តាលមកពីការថមថយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការធ្លាក់ចុះតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធ។ល។)។

ការធ្លាក់ថ្លៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនេះ មានឥទ្ធិពលអវិជ្ជមានទៅលើប្រជាកសិករដែលមានចំណូលជាប្រាក់រៀល។ ដូច្នេះ ដើម្បីជំរុញតម្រូវការប្រើប្រាស់ប្រាក់រៀលនៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រតិបត្តិការដែលមានទំហំតូច ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗគួរត្រូវជំនួសដោយប្រាក់រៀលវិញ។

ធនាគារជាតិនៃកម្ពុជា ជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិដឹកជញ្ជូនរូបិយប័ណ្ណចេញ-ចូលកម្ពុជា។ ទោះបីជាមិនមែនជាតួនាទីរបស់ខ្លួនក៏ដោយ ក៏កន្លងមកធនាគារជាតិ នៃកម្ពុជាបានសម្រួលការដឹកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលអាមេរិក មកប្រើប្រាស់នៅកម្ពុជា។

ដោយឡែកចំពោះក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច និងចាស់ ទក់ រហែក ធនាគារជាតិនៃកម្ពុជា មានការលំបាកក្នុងការគ្រប់គ្រងគុណភាព ដោយហេតុថា ការដឹកចេញក្រដាសប្រាក់ទាំងនេះ ត្រូវចំណាយពលកម្ម និងថវិកាខ្ពស់ ដែលខុសពីក្រដាសប្រាក់រៀលដែលធនាគារជាតិនៃកម្ពុជាអាចកាត់ និងកម្ទេចចោល ហើយជំនួសដោយក្រដាសប្រាក់បោះពុម្ពថ្មី។

ម៉្យាងទៀត ធនាគារដៃគូក្រៅប្រទេស ដែលជួយសម្រួលទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច មានចំនួនតិចទៅៗ ហើយធនាគារទាំងនេះក៏បានរឹតបន្តឹងការទទួលក្រដាសប្រាក់ដុល្លារ អាមេរិកតូចៗផងដែរ ទោះបីជាផ្តល់កម្រៃសេវាខ្ពស់ក៏ដោយ។ ការណ៍នេះ កាន់តែលំបាកបន្ថែមទៀតក្នុងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ លើពិភពលោក ដែលបណ្តាលឱ្យជើងហោះហើរចេញនិងមកកម្ពុជាមានតិចបំផុត៕