ទីក្រុងប៉េកាំង៖ នៅចំពោះមុខអ្នកវិនិយោគ និងធុរកិច្ចជនចិន សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់ថា កម្ពុជានៅមានលក្ខណៈពិសេសចំនួន៥ ដែលជាឱកាសដ៏ល្អសម្រាប់ការវិនិយោគនៅកម្ពុជា។
លក្ខណៈពិសេសទាំង៥នោះរួមមាន៖
ទី១. ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច
ទី២. ការបើកចំហរសេដ្ឋកិច្ច សម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើង រវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ
ទី៣. កម្លាំងពលកម្មដែលមានភាពសម្បូរណ៍បែប និងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២ភាគរយ នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នូល ដែលមានភាពប្រកួតប្រេជែង
ទី៤. កម្ពុជាស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាន និងកំពុងក្លាយជារោងចក្រនៃអាស៊ី ហើយទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គងទីផ្សារក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារដទៃទៀត ក្នុងពិភពលោក។
ទី៥. កម្ពុជា និងចិន មានកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន ដែលជួយជំរុញនិងផ្តល់អត្ថប្រយោជន៍ យ៉ាងសម្បូរណ៍បែបជូនដល់ធុរកិច្ចជន និងវិនិយោគិនចិន ទាំងការលើកទឹកចិត្ត និងការធានាការវិនិយោគ។
សូមបញ្ជាក់ថា បច្ចុប្បន្នកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងចិន កំពុងមានសន្ទុះយ៉ាងល្អប្រសើរ។ របាយការណ៍បង្ហាញថា កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានប្រមាណ ៦ប៊ីលានដុល្លារ ហើយប្រទេសទាំងពីរបានដាក់ចេញនូវគោលដៅថ្មីទៀត គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣។
ចំពោះទំហំវិនិយោគវិញ បានស្ទុះឡើងរហូតដល់ប្រមាណ ៦,៨ប៊ីលានដុល្លារ កើនប្រមាណ៧% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិន បន្តស្ថិតនៅជាប្រទេសនាំមុខគេ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨ ដែលមានទំហំទុនវិនិយោគសរុបប្រមាន ៣,៦ប៊ីលានដុល្លារ ស្មើនឹង៥៣ភាគរយ នៃទំហំវិនិយោគសរុប ពោលគឺកើនឡើងប្រមាណ៥៤ភាគរយ ធៀបនឹងឆ្នាំ២០១៧៕