ភ្នំពេញ៖ ផ្ទាំងគំនូរអរូបីយជាច្រើនផ្ទាំង ដែលជាស្នាដៃដ៏ល្អឯករបស់ វិចិត្រករកម្ពុជាលោក ថាវ សាវ៉ាន់ ត្រូវបានបើកសម្ពោធ សម្រាប់ការដាក់តាំងបង្ហាញជូនទស្សនាជាផ្លូវការ នៅក្នុងវិចិត្រសាលនៃ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីរាត្រីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ជាមួយការចូលរួមយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ។
លោក ថាវ សាវ៉ាន់ មានកំណើតកើតជានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែលោក ថាវ សាវ៉ាន់ បានទៅរស់នៅក្នុងប្រទេសបារាំងតាំងពីឆ្នាំ ១៩៨០។ សិល្បៈរបស់លោក ថាវ សាវ៉ាន់ ឆ្លុះបញ្ចាំងពីទស្សនៈវិស័យដែលលោកមាន អំពីមនុស្សជាតិនៅលើសកលលោក។ កាលពីនៅក្នុងវ័យកុមារភាព លោក ថាវ សាវ៉ាន់ ចូលចិត្តធ្វើការសង្កេតមើលការដេរប៉ាក់ និង មានចិត្តស្រឡាញ់ នៅពេលដែលគេប៉ាក់ជារូបផ្កាម្តងៗ ហើយចាប់តាំងពីពេលនោះមក លោកក៏ប្រាថ្នាចង់ក្លាយជាសិល្បករម្នាក់។
ក្រោយមក នៅឆ្នាំ ១៩៩៩ ស្នាដៃរបស់លោក ថាវ សាវ៉ាន់ ត្រូវបានដាក់តាំងពិព័រណ៍នៅទីក្រុងប៉ារីស ប្រទេសបារាំង, ប្រទេសសិង្ហបុរី និងទីក្រុងភ្នំពេញផងដែរ។ លើសពីនេះ លោក ថាវ សាវ៉ាន់ ក៏មានស្នាដៃសិល្បៈអំពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថែមទៀតផង។
ស្នាដៃសិល្បៈរបស់លោក ថាវ សាវ៉ាន់ ដែលបានយកមកដាក់តាំងបង្ហាញរយៈពេល ៣ ខែ នៅ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្រាប់ឲ្យភ្ញៀវជាតិ និង អន្តរជាតិទាំងអស់អាចអញ្ជើញចូលរួមទស្សនាដោយសេរីនោះ មានចំណងជើងថា “Voute Celeste” ។
“Voute Celeste” របស់លោក ថាវ សាវ៉ាន់ ចង់សំដៅទៅលើស្នាដៃសិល្បៈដែលបង្កើតឡើង តាមរយៈរូបារម្មណ៍នៃវិញ្ញាណ ដើម្បីឆ្លុះបញ្ចាំងពីគុណធម៌ពិត និងភាពស្រស់ស្អាតនៃធម្មជាតិ នៅក្នុងពិភពលោក របស់លោកផ្ទាល់។
លោក ថាវ សាវ៉ាន់ បានលើកឡើងថា៖ “ខ្ញុំរីករាយក្នុងការសហការជាមួយ លោកស្រី Madeleine de Langalerie និងលោក Charles-Henri Chevet ដែលពួកគេជាអ្នកស្រឡាញ់សិល្បៈខ្លាំង។ អ្នកទាំងពីរ តែងតែជួយជម្រុញទឹកចិត្តសិល្បករ ឲ្យខិតខំប្រឹងប្រែងបង្កើនស្នាដៃសិល្បៈល្អៗ។ ក្នុងនាមជាសិល្បករម្នាក់ ខ្ញុំមានកិត្តិយស ដោយមានឱកាសបង្ហាញពីស្នាដៃរបស់ខ្ញុំ នៅក្នុងបន្ទប់វិចិត្រសាលនៃ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា”។
ចំណែកលោក Charles-Henri Chevet អ្នកចាត់ការទូទៅរបស់ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានប្រាប់ថា៖ “ការដាក់តាំងបង្ហាញនេះ ជាឱកាសដ៏ល្អមួយដើម្បីស្វែងយល់ពីអត្ថន័យ នៃគំនូរនីមួយៗដែលឆ្លុះបង្ហាញពីផ្នត់គំនិតរបស់សាវាន់”។
គួររំម្លឹកផងដែរថា ជារៀងរាល់ឆ្នាំ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា តែងតែជួយជ្រោមជ្រែង ចំពោះការដាក់តាំងបង្ហាញ នូវស្នាដៃសិល្បះរបស់សិល្បករជាច្រើន ដើម្បីចូលរួមលើកកម្ពស់ស្នាដៃសិល្បករក្នុងស្រុក នៅលើឆាកអន្តរជាតិ៕