ភ្នំពេញ៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១៥៦ឆ្នាំ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសនានាសរុបចំនួន ២០លាន ៧សែន ៥ម៉ឺន ៧ពាន់ ៥១០ដុល្លារអាមេរិក កើនឡើងជាងឆ្នាំ ២០១៨ ដែលទទួលបានតែជាង ១៨លានដុល្លារប៉ុណ្ណោះ។
ពិធីអបអរសាទរខួប ១៥៦ឆ្នាំ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅឆ្នាំនេះ មិនខុសពីឆ្នាំមុនៗនោះទេ គឺមានការចូលរួមធ្វើជាអធិបតីភាព ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សប្បុរសជនយ៉ាងច្រើនកុះករ បានចូលរួម និងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយទ្រងទ្រង់ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលតែងតែបានធ្វើយ៉ាងសស្រាក់សស្រាំជារៀងរាល់ឆ្នាំ នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ របស់ជនរងគ្រោះនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុក ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ថា៖ “សូមថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ទាំងអស់បានចូលរួមចំណែកជាថវិកាក្នុងសកម្មភាពកាកបាទក្រហមកម្ពុជាសម្រាប់បន្តនូវសកម្មភាពមនុស្សធម៌ជាបន្តទៀត។ ការបរិច្ចាគរបស់សប្បុរសជនទាំងអស់ គឺជាកម្លាំងមនុស្សធម៌ ដែលជាវប្បធម៌ចែករំលែក និងនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត សម្រាប់បម្រើដល់វិស័យមនុស្សធម៌”។

នៅក្នុងឆ្នាំ២០១៩នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិខ្មែរ ព្រះមុនិនាថ នរោត្តម សីហនុ បានព្រះរាជទានថវិកាសរុប ៤ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា។ ក្រៅពីនេះមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា ជាម្ចាស់ក្រុមហ៊ុននានា រួមទាំងសិល្បៈ សិល្បការិនី និងប្រជាពលរដ្ឋធម្មតា ក៏បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់ កាកបាទក្រហមកម្ពុជា ផងដែរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ប៊ុនរ៉ានី ហ៊ុន សែន បានឲ្យដឹងថាក្នុងឆ្នាំ២០១៨កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតចំនួន ១៣៩,១១៣គ្រួសារ។ ក្នុងនោះរួមមានពលរដ្ឋរងគ្រោះ ១០៣,៣៣២គ្រួសារ នឹងងាយរងគ្រោះបំផុតចំនួន ៥៤,៣៣៨គ្រួសារ ព្រមទាំងប្រជាពលរដ្ឋ ដែលទទួលសេវាកម្មមនុស្សធម៌ផ្សេងទៀតជាង ១០ម៉ឺនគ្រួសារ។

បន្ថែមពីនេះទៅទៀត កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ផ្ទះដល់ចាស់ជរាគ្មានទីពឹង និងស្ត្រីមេម៉ាយកូនច្រើនបានចំនួន ១៦៧ខ្នងផ្ទះ, ផ្តល់អណ្តូងទឹកស្អាត ១៣៩អណ្ដូង, បង្គន់អនាម័យ ៤៥៣បង្គន់, ផ្តល់ស៊ីទែនទឹកចល័តចំនួន៤, ផ្តល់ទូកសហគមន៍ចំនួន៤ និង ផ្តល់រទេះរុញដល់ជនពិការ ចំនួន៥៥០គ្រឿង និងផ្តល់ថវិកាប្រមាណ ១លានដុល្លារ ក្នុង១ឆ្នាំ ឧបត្ថម្ភទៅមន្ទីរពេទ្យគន្ធបុប្ផា ចាប់តាំងពីឆ្នាំ២០១២មក៕
