ព័ត៌មានចិនស៊ីនហួរ៖ គណៈកម្មការអឺរ៉ុប (EU) បានបញ្ចេញរបាយការណ៍ចុងក្រោយមួយ នៅថ្ងៃអង្គារទី៧ ខែឧសភានេះថា ភាពតានតឹងនៃ សង្គ្រាមពាណិជ្ជកម្ម ចិនអាមេរិក ព្រមទាំងការនៅតែបន្តប្រកាន់យក គោលនយោបាយបែបគាំពារនិយម គឺស្ថិតនៅក្នុងចំណោមហានិភ័យខ្ពស់ៗ ចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកខ្លួនឯង។
គណៈកម្មការអឺរ៉ុប ដែលជាអង្គប្រតិបត្តិដ៏សំខាន់មួយនៃសហភាពអឺរ៉ុប (EU) នោះបានសរសេរនៅក្នុងរបាយការណ៍សេដ្ឋកិច្ចចុងក្រោយរបស់ខ្លួនថា សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពនានា ដើម្បីជម្រុញឲ្យសេដ្ឋកិច្ចខ្លួន កាន់តែមានសក្តានុពល ប៉ុន្តែវាបែរជាជះផលអវិជ្ជមានទៅវិញ នោះគឺទៅលើនយោបាយម៉ាក្រូសេដ្ឋកិច្ច ដែលត្រូវបានក្រុមអ្នកជំនាញមើលឃើញថា សេដ្ឋកិច្ចអាមេរិក នឹងជួបឱនភាពនៅពេលខាងមុខនេះ។

បើតាមការគណនារបស់គណៈកម្មការអឺរ៉ុប (EU) សហរដ្ឋអាមេរិកទទួលបានកំណើតសេដ្ឋកិច្ចតែ ២.៩ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៨ ហើយវានឹងធ្លាក់ចុះមកនៅត្រឹម ២.៤ភាគរយ នៅឆ្នាំ២០១៩ និង ១.៩ភាគរយនៅឆ្នាំ២០២០។
របាយការណ៍សេដ្ឋកិច្ចរបស់គណៈកម្មការអឺរ៉ុប (EU) ដដែលបានរម្លឹកថា៖ “ភាពមិនច្បាស់លាស់នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដោះស្រាយវិវាទ សង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសចិន និងសហរដ្ឋអាមេរិក នៅតែមានកម្រិតខ្ពស់ ខណៈនយោបាយគាំពារនិយមប្រកបដោយហានិភ័យ នៅតែកំពុងបន្តអនុវត្តន៍ ក្នុងគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក…”។

ហេតុដូច្នេះសហភាពអឺរ៉ុបបានធ្វើការព្រមាន ចំពោះគោលនយោបាយគ្រប់គ្រងរូបិយវត្ថុរបស់សហរដ្ឋអាមេរិក ដែលអាចបង្កឲ្យមានអតុល្យភាព និងភាពងាយរងគ្រោះកាន់តែធ្ងន់ធ្ងរ បង្កឡើងដោយវិវាទ សង្គ្រាមពាណិជ្ជកម្ម ចិនអាមេរិក ដែលមិនទាន់រកច្រកចេញឃើញនោះ៕