ភ្នំពេញ៖ សហមេធាវីម្នាក់របស់ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (Kem Sokha) គឺលោក ចាន់ ចេន បានប្រាប់ថា ក្រុមមេធាវីរបស់លោក កឹម សុខា គ្រោងស្នើសុំទៅចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញ ឲ្យធ្វើការបិទបញ្ចប់ការស៊ើបសួរលើកូនក្តីរបស់ខ្លួន។
លោក កឹម សុខា (Kem Sokha) អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួននៅដើមខែកញ្ញាឆ្នាំ ២០១៧ និងត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិដែលឃុបឃិតជាមួយសហរដ្ឋអាមេរិក។ បន្ទាប់ពីត្រូវបានឃុំខ្លួនប្រមាណ ១ ឆ្នាំនៅក្នុងពន្ធនាគារត្រពាំងផ្លុង លោកសុខាក៏ត្រូវបានដោះលែងឱ្យមកស្នាក់នៅក្នុងផ្ទះ ប៉ុន្តែដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការវិញ កាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨។
រហូតមកដល់ពេលនេះ លោក កឹម សុខា (Kem Sokha) បានស្ថិតក្នុងការឃុំខ្លួន និងឃ្លាំមើលអស់រយៈពេលជិត ២ ឆ្នាំមកហើយ ដើម្បីឱ្យចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេតលើសំណុំរឿងក្បត់ជាតិដែលចោទប្រកាន់ឡើងដោយរដ្ឋាភិបាលកម្ពុជា។
លោកមេធាវី ចាន់ ចេន អះអាងថា ដំណើរការនីតិវិធីស៊ើបអង្កេតលើលោក កឹម សុខា របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញមិនមានការវិវត្តទៅមុខនោះទេ គឺនៅទ្រឹងនៅឡើយ។ លោកបានប្រាប់ថា៖ “យើងពិតជាមានគម្រោងស្នើឱ្យបិទការស៊ើប ក្នុងពេលឆាប់ៗនេះ ដោយការស៊ើបរបស់ចៅក្រមយូរហើយ ជាង ១ ឆ្នាំហើយ សាក្សីក៏បានសួរច្រើនហូរហែហើយ។”

លោក ផែង ហេង ដែលជាសហមេធាវីការពារក្ដីឱ្យលោក កឹម សុខា (Kem Sokha) ម្នាក់ដែរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមិនទាន់បានជជែកគ្នា ជាមួយសហមេធាវីផ្សេងទៀត ជុំវិញការសុំបិទការស៊ើបសួរនោះទេ ក្រៅពីការសុំឱ្យទម្លាក់ចោល ការចោទប្រកាន់មកលើលោក កឹម សុខា (Kem Sokha) ។
លោកបន្តថា លោក កឹម សុខា (Kem Sokha) កំពុងមានបញ្ហាជំងឺកៀបសរសៃស្មាដែលនៅតែបន្តធ្វើទុក្ខដល់សុខភាពរបស់លោកជារៀងរាល់ថ្ងៃ។
គួររំម្លឹកផងដែរថា តុលាការរាជធានីភ្នំពេញបានបដិសេធចំនួន ៤ លើករួចមកហើយ ចំពោះសំណើសុំឱ្យទម្លាក់ចោលបទចោទលោក កឹម សុខា (Kem Sokha) ។ ការបដិសេធធ្វើឡើងក្រោយពេលក្រុមមេធាវីការពារក្តីលោក កឹម សុខា (Kem Sokha) បានព្យាយាមដាក់ពាក្យស្នើសុំជាថ្មីម្តងហើយម្ដងទៀត។
ការស្នើសុំបិទការស៊ើបសួរ គឺជាសិទ្ធិរបស់មេធាវី ប៉ុន្ដែការសម្រេច គឺចៅក្រមស៊ើបសួរជាអ្នកសម្រេច បើយោងទៅតាមនីតិវិធីនៃច្បាប់៕