ភ្នំពេញ៖ បញ្ហាចំនួន ៣ ធំៗ ត្រូវបានលើកយកមកធ្វើជាប្រធានបទ នៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផូលីន ថាមេស៊ីស (PAULINE TAMESIS) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ កាលពីព្រឹកថ្ងៃទី៦ ឧសភា ឆ្នាំ២០១៩កន្លងទៅនេះ នៅវិមានសន្តិភាព។

បញ្ហាចំនួន ៣ សំខាន់ៗ ដែលលោកស្រី ផូលីន ថាមេស៊ីស (PAULINE TAMESIS) បានលើកឡើងនោះរួមមាន៖ ទី១- ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម ទី២- ទិន្នន័យសម្រាប់ការអភិវឌ្ឍដោយចីរភាព និងទី៣- បញ្ហាការចូលរួមពិនិត្យរបាយការណ៍ថ្នាក់ជាតិ លើការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាព នៅក្នុងទីក្រុងញូវយ៉ក នាខែកក្កដាខាងមុខនេះ។
តាមរយៈលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេច ហ៊ុន សែន បានឲ្យដឹងថា សម្ដេច ហ៊ុន សែន បានឆ្លើយតប ចំពោះកិច្ចគាំពារសង្គមថា កម្ពុជាកាលពីដើមឡើយ គឺមានភាពក្រីក្ររហូតដល់ ១០០% ហើយក៏មានការចាប់ផ្ដើមឡើងនូវការផ្ដល់នូវការគាំពារសង្គមទៅដល់ស្ត្រីមានផ្ទៃពោះ បន្ទាប់មកដល់ស្ត្រីដែលធ្វើការនៅតាមរោងចក្រ។ បន្ទាប់មកទៀតដល់ស្ត្រីដែលមានភាពក្រីក្រ ហើយក៏បានធ្វើការមួយចំនួនថែមទៀតផង រួមទាំងការកាត់បន្ថយតម្លៃអគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ការ ជីកអណ្តូងទឹក ស្រះទឹកជាដើម នោះសោតសុទ្ធសឹងតែជាកិច្ចគាំពារសង្គមតែម្ដង។

ទាក់ទងនឹងទិន្នន័យសម្រាប់ការអភិវឌ្ឍដែលអង្គការសហប្រជាជាតិ ស្នើដើម្បីធ្វើយ៉ាងណាឲ្យបង្កើននូវថវិកាជាតិ និងពង្រឹងសមត្ថភាព សម្រាប់ការងារទិន្នន័យ សម្រាប់ការអភិវឌ្ឍនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានបកស្រាយថា កន្លងមករាជរដ្ឋាភិបាល បានជំរុញក្នុងការបង្កើនថវិកាជាតិជាប្រចាំ ហើយសង្ឃឹមថានឹងឯកភាពបង្កើនថវិកាបន្ថែមទៀត ។ ចំពោះការពង្រឹងសមត្ថភាព សម្ដេច ហ៊ុន សែន ក៏បានណែនាំធ្វើយ៉ាងណា ឱ្យមានការជំរុញការសិក្សាដល់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់នៅកម្ពុជា។
សម្រាប់ បញ្ហាការចូលរួមពិនិត្យរបាយការណ៍ថ្នាក់ជាតិ លើការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាព នៅក្នុងទីក្រុងញូវយ៉ក នាខែកក្កដាខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបវិញថា កម្ពុជាបានត្រៀមខ្លួនជាស្រេចហើយសម្រាប់កិច្ចប្រជុំនោះ ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបន្ទាប់ពីជំនួប របស់លោកស្រី ផូលីន ថាមេស៊ីស បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងត្រៀមរៀបចំ ដើម្បីធ្វើបទបង្ហាញអំពីការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ដែលផ្ដោតលើផែនការអនុវត្តន៍ និងវឌ្ឍនភាព នៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ក្នុងសម័យប្រជុំនៃវេទិកានយោបាយកម្រិតខ្ពស់ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព នៅទីក្រុងញូវយ៉ក ក្នុងខែកក្កដាខាងមុខនេះ។
លោកស្រី បានឲ្យដឹងទៀតថា ដើម្បីបោះជំហានទៅមុខ ទាមទារឲ្យមានការយកចិត្តទុក ដាក់ខ្ពស់ជាអាទិភាពរវាងតុល្យភាពនៃកំណើនសេដ្ឋកិច្ច ជាមួយនឹង ការការពារបរិស្ថានធម្មជាតិ ការការពារសិទ្ធិមនុស្ស និងការលើកកម្ពស់គោលដៅសង្គម ដើម្បីធានាថាប្រជាជនក្រីក្រត្រូវបានការពារពីហានិភ័យ និងធានាថា វិបុលភាពត្រូវបានចែករំលែកប្រកបដោយសមធម៌ ហើយជំនាន់ក្រោយៗទៀតក៏ទទួលបានអត្ថប្រយោជន៍ពីការសម្រេចចិត្តថ្ងៃនេះ អំពីរបៀបដែលធនធានត្រូវបានគ្រប់គ្រង។

លោកស្រី ផូលីន ថាមេស៊ីស បានអះអាងបន្ថែមទៀតថា ក្នុងក្របខ័ណ្ឌ UNDAF ថ្មីនេះ អង្គការសហប្រជាជាតិនឹងផ្ដល់ការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំ និងអនុវត្តផែនការគោលនយោបាយ និងក្របខ័ណ្ឌនានា ដើម្បីចាត់អាទិភាពលើបញ្ហានានាដែលមានផលប៉ះពាល់លើក្រុមដែលងាយរងគ្រោះជាងគេ៕