ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ ជម្រកអភិរក្សសត្វ និងសណ្ឋាគារលំដាប់ពិភពលោកមួយ នៅខេត្តសៀមរាប ដែលមានតម្លៃទុនវិនិយោគសរុប ៧០ លានដុល្លារ នឹងចាប់ផ្តើមការសាងសង់ក្នុងខែឧសភានេះហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Angkor Wildlife and Aquarium ដែលជាម្ចាស់គម្រោង។
ក្រុមហ៊ុន Angkor Wildlife and Aquarium កើតឡើងពីការចាប់ដៃគូគ្នា រវាងក្រុមហ៊ុនក្នុងស្រុកជាមួយក្រុមហ៊ុនមកពីប្រទេសជប៉ុន ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនអាមេរិកឈ្មោះ ICM Inc.(International Concept Management Inc.) ដែលជាក្រុមហ៊ុនមានជំនាញក្នុងការរៀបចំរចនាប្លង់ គ្រប់គ្រងគម្រោង ប្រតិបត្តិការជលវប្បដ្ឋាន និងឧទ្យានសមុទ្រទូទាំងពិភពលោក ដែលធ្លាប់មានបទពិសោធធ្វើការជាមួយក្រុមហ៊ុនធំៗដូចជា Disney, The San Francisco Academy of Sciences, The Baltimore Aquarium, The Osaka Aquarium, Xcaret Park in Mexico និង Loro Park of the Canary Islands ជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មាន គម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១០០ ហិកតា ដោយចែកជា ៣ ដំណាក់កាល ដំណាក់កាលទី១ នឹងចំណាយទឹកប្រាក់ ១៨លានដុល្លារអាមេរិក ចាប់ផ្តើមក្នុងខែ ឧសភា ឆ្នាំ ២០១៩ ដោយគ្រោងបញ្ចប់ក្នុងរយៈពេល ២ឆ្នាំ ។ ដំណាក់កាលទី ២ សាងសង់សួនរុក្ខសាស្ត្រ សាលតាំងពិព័រណ៍ ជម្រកល្មូន កន្លែងដើរកម្សាន្ដ ហាងលក់ទំនិញ និង ចុងបញ្ចប់នៅក្នុងដំណាក់កាលទី ៣ គឺការអភិវឌ្ឍសណ្ឋាគារលំដាប់ពិភពលោក ក្នុងបំណងចូលរួមចំណែកជួយ ធ្វើឲ្យការស្នាក់នៅរបស់ភ្ញៀវក្នុងខេត្តសៀមរាប បានកាន់តែយូរបន្ថែមទៀត។
ថ្លែងក្នុងពិធីបើកសម្ពោធការសាងសង់គម្រោងរបស់ Angkor Wildlife and Aquarium នៅនិវេសដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិក កាលពីរាត្រីថ្ងៃទី ២៩ ខែ មេសា លោក Roger R. Reynolds ប្រធានក្រុមហ៊ុន Angkor Wildlife and Aquarium និងជាស្ថាបនិកក្រុមហ៊ុន ICM Inc. បានប្រាប់ឲ្យដឹងថា គម្រោងនេះនឹងត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលកម្សាន្ត និងអប់រំលំដាប់ពិភពលោក ដោយមានការអភិរក្សសត្វព្រៃ និងការពារបរិស្ថានផងដែរ។ លោកបន្តថា គម្រោងនេះនឹងដើរតួនាទីដ៏សំខាន់ក្នុងការសហការជាមួយអង្គការអភិរក្សក្នុងស្រុក និងថ្នាក់តំបន់។

លោកថ្លែងថា៖ «យើងសង្ឃឹមថា គម្រោងរបស់យើងនឹងក្លាយជាគោលដៅលំដាប់ពិភពលោកនៅក្នុងខេត្តសៀមរាប។ យើងធានាថា វានឹងក្លាយជាគោលដៅទាក់ទាញលំដាប់ទី២ បន្ទាប់ពីប្រាសាទអង្គរវត្ត»។
លោក ទិត ចន្ថា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានលើកឡើងថា ទន្ទឹមនឹងការរីកចម្រើនដ៏ឆាប់រហ័ស និងកំណើនភ្ញៀវទេសចរដ៏ច្រើន បច្ចុប្បន្នកម្ពុជាក៏ត្រូវការការវិនិយោគជាច្រើនទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រលានយន្តហោះ សណ្ឋាគារ ភោជនីយដ្ឋាន និងការសាងសង់កន្លែងសម្រាកកម្សាន្តជាច្រើនផងដែរ។
លោកបានបន្តថា៖ «ខ្ញុំជឿថា គម្រោង Angkor Wildlife and Aquarium លំដាប់ពិភពលោក ដែលដឹកនាំដោយលោក ម៉េង ហៀង ដែលជាសហគ្រិនកម្ពុជានេះនឹងទទួលបានជោគជ័យ ហើយវានឹងផ្តល់តម្លៃបន្ថែមដល់ការស្នាក់នៅសម្រាប់ភ្ញៀវទេសចរនៅខេត្តសៀមរាប និងប្រទេស កម្ពុជា ទាំងមូល»។
លោក Michael Newbill ភារធារីស្ថានទូតអាមេរិក ប្រចាំកម្ពុជា បាននិយាយថា នេះគឺជាគម្រោងធំនៅក្នុងចំណោមគម្រោងធំរបស់សហរដ្ឋអាមេរិកនៅកម្ពុជានារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
គម្រោង Angkor Wildlife and Aquarium មានទីតាំងស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប៕