ភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ចេកអំបូងលឿង ដាំដុះនៅក្នុងខេត្តកំពត របស់ក្រុមហ៊ុនកសិកម្ម Longmate បាននាំចេញទៅប្រទេសចិនជារៀងរាល់ថ្ងៃ ដោយឆ្លងកាត់តាមប្រទេសវៀតណាម ដើម្បីសាកល្បងនីតិវិធីនាំចេញ មុនពេលដែលក្រុមហ៊ុន នឹងធ្វើការនាំចេញដោយផ្ទាល់ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន។
ក្រុមហ៊ុនកសិកម្ម Longmate ដែលជាក្រុមហ៊ុនវិនិយោគទុនរួមគ្នា រវាងវិនិយោគិនចិននិងកម្ពុជា ក្នុងទឹកប្រាក់ ៣២ លានដុល្លារ លើផ្ទៃដីជាង ១ ពាន់ ហិកតា ក្នុងស្រុកឈូក ខេត្តកំពត លើដំណាំចេកអំបូងលឿង។ បច្ចុប្បន្ននេះ ក្រុមហ៊ុនធ្វើការវិនិយោគក្នុងដំណាក់កាលទី ១ ដោយធ្វើការដាំដុះនៅលើ ផ្ទៃដីទំហំ ៤០០ ហិកតាប៉ុណ្ណោះ។

លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុនកសិកម្ម Longmate បានប្រាប់ទៅភ្នំពេញប៉ុស្ដិ៍ថា ការនាំចេញនាពេលបច្ចុប្បន្ននេះទៅប្រទេសចិន ធ្វើឡើងតាមប្រទេសវៀតណាម ដែលជាការសាកល្បងនីតិវិធីនាំចេញ។ ក្រុមហ៊ុនបានធ្វើតាមតម្រូវការរបស់ភាគីប្រទេសចិន តាមស្ដង់ដារអនាម័យ និងការវេចខ្ចប់ ហើយអ្នកជំនាញរបស់ប្រទេសចិន និងមកត្រួតពិនិត្យចុងក្រោយ។
ក្រុមហ៊ុនកសិកម្ម Longmate បានរំពឹងថា នឹងអាចទទួលវិញ្ញាបនបត្របញ្ជាក់ សម្រាប់ធ្វើការនាំចូលប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីចិនរួចរាល់ គឺអាចនៅចុងខែកុម្ភៈ ឬដើមខែមីនា ខាងមុខនេះ។

លោក ហ៊ុន ឡាក់ បានលើកឡើងថា “អ្នកជំនាញចិន នឹងមកធ្វើតេស្តគុណភាព ចេករបស់យើងនៅពាក់កណ្តាលខែកុម្ភៈ បន្ទាប់ពីបុណ្យចូលឆ្នាំចិន។ នៅពេលពួកគេផ្តល់វិញ្ញាបនបត្រឱ្យយើង យើងនឹងអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់ ដែលអាចកាត់បន្ថយការចំណាយបានជាច្រើន។”
ក្រុមហ៊ុនកសិកម្ម Longmate បានព្យាករណ៍ថា នឹងអាចនាំចេញចេកអំបូងលឿងចំនួន ២៥០០០តោនក្នុងឆ្នាំនេះ ហើយគ្រោងនឹងកើនឡើងទ្វេដងនៅឆ្នាំ ២០២០។
ចេកអំបូងលឿងជាប្រភេទចេក ដែលមានភាពធន់ជាមួយការដឹកជញ្ជូន មិនងាយទុំជោរ និងមានសម្បកក្រាស់។ ចេកប្រភេទនេះអាចផ្តល់ផលពី ៦០-៧៣ តោនក្នុង ១ ហិកតាក្នុង ១ ឆ្នាំ ដែលគេអាចប្រមូលផល ៣ ដងក្នុងរយៈពេល ២ ឆ្នាំ។

អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៨ នៅប្រទេសកម្ពុជាមានកសិដ្ឋានដាំចេកអំបូងលឿងធំៗនៅក្នុងខេត្តចំនួន ៣ រួមមាន ខេត្តរតនគិរី, ក្រចេះ និងខេត្តកំពត ដោយមានផ្ទៃដីសរុបចំនួន ៤៩៩៦ ហិកតា កំពុងដាំចេកអំបូងលឿង សម្រាប់ធ្វើការនាំចេញ៕