ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលមានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន បានអះអាងថា កម្លាំងជំនាញរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេតតាំងពីមានតម្រុយមុននេះម្ល៉េះ លើអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី។ ការបើកការស៊ើបអង្កេតនេះ គឺមិនមែនធ្វើតាមពាក្យបណ្តឹងរបស់ អង្គការសង្គមស៊ីវិលមួយណានោះទេ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងបែបនេះនៅក្នុងជំនួបសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន Fresh News កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។
គួររំម្លឹកថា កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានប្រកាស ចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ នៅក្នុងពិធីខួបកំណើតមួយ។
កន្លងមិនបានប៉ុន្មានថ្ងៃក្រោយមក ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ជាបន្ទាន់តែម្តង។
ភ្លាមៗនោះ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម ក៏បានដាក់ពាក្យប្តឹងអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីឱ្យបើកការស៊ើបអង្កេតលើ លោក គឹម រស្មី អតីតមេបញ្ជាការអាវុហត្ថលើផ្ទៃប្រទេសរូបនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអភិក្រមចំនួន ៥ នៅក្នុងអាណត្តិទី០៦នេះ គឺមាន ១៖ ឆ្លុះកញ្ចក់ ២៖ ងូតទឹក ៣៖ ដុសក្អែល ៤៖ ព្យាបាល និង៥៖ វះកាត់ និងមិនលើកលែងចំពោះមន្ត្រីខិលខូច ប្រព្រឹត្តខុសច្បាប់នោះឡើយ៕
ប្រភព៖ Fresh News