ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារព្រមានប្រឆាំងនឹង ការគំរាមកំហែងមកលើសហរដ្ឋអាមេរិកខណៈភាពតានតឹងរវាងអាមេរិកនិងតេអ៊ីរ៉ង់កំពុងកើនឡើងនោះ។
លោក ដូណាល់ ត្រាំ បានបង្ហោះព្រមាននៅក្នុងគណនី Tweet របស់គាត់ កាលពីថ្ងៃអាទិត្យ ថា៖ “បើសិនជាអ៊ីរ៉ង់ចង់ធ្វើសង្គ្រាម នោះវានឹងក្លាយជាថ្ងៃអវសានជាផ្លូវការ របស់អ៊ីរ៉ង់. កុំគំរាមកំហែងសហរដ្ឋអាមេរិកម្ដងទៀត”។
លោក ដូណាល់ ត្រាំ ព្រមានបែបនេះ ទំនងជាចង់ឆ្លើយតបទៅនឹងមេបញ្ជាការ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami ដែលបានលើកឡើងថាអ៊ីរ៉ងចង់បានសន្តិភាព តែមិនភ័យខ្លាច ក្នុងការធ្វើសង្គ្រាមជាមួយអាមេរិកនោះទេ។
គួររំម្លឹកផងដែរថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីដើមខែឧសភានេះ នៅពេលដែល ទីក្រុងវ៉ាស៊ីនតោន ប្រកាសដាក់ទណ្ឌកម្មជាថ្មីប្រឆាំងនឹងទីក្រុងតេហរ៉ង់ ហើយភាពតានតឹងនេះកាន់តែឡើងកម្ដៅ បន្ទាប់ពីសហរដ្ឋអាមេរិកបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់តំបន់ មជ្ឈិមបូព៌ា ដោយសំអាងថាអ៊ីរ៉ង់អាចនឹងវាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់៕