ប៉េកាំង ប្រទេសចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ នៅប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ តបតាមការអញ្ជើញរបស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ កាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩។
ចំណែកសារព័ត៌មានរដ្ឋរបស់ប្រទេសចិន CCTV បានបញ្ជាក់ដែរថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន នឹងពិភាក្សាគ្នាដោយផ្ដោតសំខាន់លើទំនាក់ទំនងទ្វេភាគី និងស្ថានភាពនៅលើឧបទ្វីបកូរ៉េ។

ការទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ របស់ លោក ស៊ី ជិនពីង នឹងធ្វើឲ្យលោក ស៊ី ជិនពីង ក្លាយជាប្រធានាធិបតីចិនដំបូងបំផុត ដែលចេញទៅបំពេញទស្សនកិច្ចនៅ ប្រទេសកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៥មក។
គួររំម្លឹកផងដែរថា កាលពីថ្ងៃទី០៧ មករា ២០១៩ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានចេញដំណើរតាមរថភ្លើងពិសេសឆ្ពោះទៅកាន់ប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចរបស់ខ្លួន តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោកស៊ី ជីនពីង៕