ក្រុមហ៊ុន​អាមេរិក​ជាង ៦០០ ទាមទារ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​

1264

អាមេរិក៖ ក្រុម​សហព័ន្ធ​ចម្រុះ​មួយ ដែល​បង្កើតឡើង​ដោយ ក្រុម​ម​ហ៊ុន​ផលិតកម្ម ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​និង​ក្រុមហ៊ុន​លក់រាយ​ជាច្រើន នៅ​អាមេរិក បានដាក់​លិខិត​ទាមទារ​មួយ ជូន​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ សុំ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ព្រោះ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ បាន​នាំមក​នូវ​ភាព​អន្តរាយ ចំពោះ​ការបាត់បង់​ការងារ​នៅ​អាមេរិក​ជាង​២ លាន កន្លែង និង​កាត់បន្ថយ​តម្លៃ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​អាមេរិក​ចំនួន​១​ភាគរយ​ផងដែរ​។​

ក្រុម​សហព័ន្ធ​ចម្រុះ បាន​ថ្លែងថា “​យើង​ដឹង​ដោយផ្ទាល់​ថា ពន្ធ​បន្ថែម នឹង​ផ្ដល់​ផលប៉ះពាល់​យ៉ាងខ្លាំង និង​មាន​ផល​អវិជ្ជមាន​យូរអង្វែង​ចំពោះ​ពាណិជ្ជករ​អាមេរិក កសិករ​គ្រួសារ និង​សេដ្ឋកិច្ច​អាមេរិក​”​។​

​ការដាក់​ពន្ធ​លើ​ទំនិញ​ចិន ក៏បាន​ដាក់​ពន្ធ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​អាមេរិក​ដែរ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ប្រជាពលរដ្ឋ​អាមេរិក បាន​ចំណាយ​លើ​ពន្ធ​ដោយ​ប្រយោល ជាង​២៦​ពាន់​លាន​ដុល្លារ ចាប់តាំងពី​ថ្ងៃទី​១៥ ខែឧសភា​មក​។​

​ក្រុម​សហព័ន្ធ​ចម្រុះ​នេះ​បាន​ឲ្យ​ដឹងថា “​ពន្ធ​នេះ​គឺជា​ពន្ធ​ដែល​ជនជាតិ​អាមេរិក​បង់​។ ពន្ធ​ទាំងនេះ​កំពុង​ត្រូវបាន​បង់​ដោយ​កសិករ អ្នក​លក់រាយ អ្នក​ផលិត ក្រុមហ៊ុន និង​អ្នកប្រើប្រាស់​របស់​អាមេរិក​។ យើង​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​អ្នក (​ដូ​ណា​ល់ ត្រាំ​) ត្រឡប់​ទៅរក​តុ​ចរចា​វិញ នៅពេល​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​យើង ដើម្បី​រក​ដំណោះស្រាយ​ដែល​អាចអនុវត្ត​បានជា​សកល​។ សង្គ្រាម​ពាណិជ្ជកម្ម​មិនមាន​ផល​ល្អ សម្រាប់​ប្រទេស​នោះទេ ហើយ​ភាគី​ទាំងសងខាង​នឹងមាន​ការខាតបង់​”​។​

កាលពី​ខែ​មុន​លោក Trump បាន​បញ្ជា​ឲ្យ​ដំឡើង​ពន្ធ​នាំចូល​ចំនួន​២៥​ភាគរយ​លើ​ទំនិញ​ចិន ដែល​ស្មើនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ​២០០​ពាន់​លាន​ដុល្លារ ហើយ​បាន​គំរាម​បង្កើន​ពន្ធ​លើ​ផលិតផល​បន្ថែមទៀត ដែលមាន​តម្លៃ​រហូតដល់​៣០០​ពាន់​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ដូចជា Huawei ក៏​ត្រូវបាន​អាមេរិក ដាក់ចូល​ទៅក្នុង​បញ្ជីខ្មៅ​ផងដែរ​។​
​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក ក៏​នឹងត្រូវ​ខូចខាត​ផងដែរ ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នៅតែ​បន្ត​។​

យោងតាម​របាយការណ៍​របស់​មូលនិធិ​ព័ត៌មានវិទ្យា និង​ការច្នៃប្រឌិត​មួយ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អាមេរិក​អាច​បាត់បង់​ប្រាក់ចំណូល រហូតដល់​ទៅ ៥៦,៣​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ឆ្នាំ ដោយសារតែ​ពន្ធគយ និង​ការហាមឃាត់​ការនាំចេញ​បច្ចេកវិទ្យា​ទាក់ទង​នឹង​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​៕​