Reuters៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes បានប្រាប់ទៅសារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកបានផាកពិន័យ ក្រុមហ៊ុនចិនមួយចំនួន ដែលមានមូលដ្ឋាននៅក្នុង តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ចំពោះការនាំចេញទំនិញចូលសហរដ្ឋអាមេរិក ដើម្បីបានរួចពន្ធ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម អាមេរិកនិងចិន។
លោក Arend Zwartjes បានអះអាងថា៖ ក្រសួងសន្តិសុខអាមេរិក (Department of Homeland Security) បានត្រួតពិនិត្យ និងពិន័យក្រុមហ៊ុនមួយចំនួន សម្រាប់ការគេចវេសពន្ធ នាំចេញទៅ សហរដ្ឋអាមេរិក ដោយធ្វើការផ្ទេរកប៉ាល់ដឹកទំនិញរបស់ចិន នៅប្រទេសកម្ពុជា”។
លោក Arend Zwartjes បានបន្តថា៖ “ក្រុមហ៊ុនទាំងនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ” តែលោក មិនបានបញ្ជាក់ថា តើមានក្រុមហ៊ុនចំនួនប៉ុន្មាន ដែលត្រូវរងការពិន័យចំពោះការគេចពន្ធគយនេះ ក៏ដូជាតើត្រូវបានពិន័យជាប្រាក់ច្រើនប៉ុណ្ណា និងទំនិញអ្វីខ្លះដែលក្រុមហ៊ុនទាំងនោះ បាននាំចេញនោះទេ។
គួររំម្លឹកផងដែរថា កាលពីដើមខែនេះ នាយកដ្ឋានគយ របស់ប្រទេសវៀតណាម បាននិយាយថា ប្រទេសវៀតណាម ក៏បានរកឃើញមានករណីនាំទំនិញចេញខុសច្បាប់ជាច្រើន ដោយទំនិញទាំងនោះផលិតនៅប្រទេសចិន តែដាក់ស្លាកថា “ផលិតនៅវៀតណាម” ដើម្បីគេចពីពន្ធគយនាំចេញទៅអាមេរិក ដោយសារសង្គ្រាមពាណិជ្ជកម្មរវាង អាមេរិកនិងចិន៕