ភ្នំពេញ៖ “យើងខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីរាយការណ៍មិនពិតរបស់សារព័ត៌ ដែលបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុយើងខ្ញុំ ដូចពាក្យចាស់បុរាណបានពោលថា មាសសុទ្ធមិនខ្លាចភ្លើង” ។
នេះគឺជាការលើកឡើងរបស់ លោក Cao Jianjiang អគ្គនាយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) ដើម្បីឆ្លើយតបទៅនឹងព័ត៌មាន ដែលថាអាមេរិក បានពិន័យលើក្រុមហ៊ុនមួយចំនួន មានមូលដ្ឋាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) ដែលបានធ្វើការផ្ទេរកប៉ាល់ដឹកទំនិញចិន នៅកម្ពុជា រួចដឹកទៅកាន់អាមេរិក ដើម្បីបានរួចផុតពីការបង់ពន្ធនាំចូល។
លោក Cao Jianjiang បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រោយបើកការស៊ើបអង្គេតភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មាននេះ គឺពុំមានការរារាំង ឬរងការស៊ើបអង្កេត ឬពិន័យពីសំណាក់គយ របស់សហរដ្ឋអាមេរិក ចំពោះក្រុមហ៊ុនណាមួយនៅ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) នោះទេ។
គួររំម្លឹកផងដែរថា អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes បានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) ថា នាយកដ្ឋានសន្តិសុខជាតិអាមេរិកបានត្រួតពិនិត្យ និងពិន័យទៅលើ ក្រុមហ៊ុនចិនមួយចំនួនដែលបានបំពានបំរាមគយរបស់អាមេរិក ក្រោមការចោទថា ក្រុមហ៊ុនទាំងនេះបានបញ្ជូនទំនិញពីចិន ទៅសហរដ្ឋអាមេរិក តាមរយៈប្រទេសកម្ពុជា ដើម្បី គេចពីការបង់ពន្ធ ឬបង់ពន្ធក្នុងកម្រិតលើកលែង។ លោក Arend Zwartjes បញ្ជាក់ថា ក្រុមហ៊ុនចិន ទាំងនោះមានទីតាំងនៅតំបន់សេដ្ឋកិច្ច ក្នុងខេត្តព្រះសីហនុនៃប្រទេស កម្ពុជា។
សូមអានអត្ថបទ៖ អាមេរិក រកឃើញ មានការផ្ទេរកប៉ាល់ទំនិញចិន នៅកម្ពុជា ដើម្បីគេចពន្ធនាំចូលអាមេរិក
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ លើផ្ទៃដីទំហំ ១,១១៣ហិកតា។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានក្រុមហ៊ុនរោងចក្រ សហគ្រាសជិត ២០០ហើយ កំពុងវិនិយោគ ដោយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរជាង ២ម៉ឺនកន្លែង។
ក្រុមហ៊ុនដែលកំពុងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានអ្នកវិនិយោគមកពីប្រទេសចិន អាម៉េរិក ជប៉ុន បារាំង កូរ៉េ ខាងត្បូង អៀរឡង់ វៀតណាម និងថៃជាដើម៕