បន្ទាប់ពីលោក កឹម សុខា ទទួលបានសិទ្ធិច្រើនជាងមុន រហូតមកដល់ពេលនេះ មានឯកអគ្គរដ្ឋទូតបរទេស ចំនួន៧រូបហើយ បានមកចូលជួបលោក កឹម សុខា នៅគេហដ្ឋានរបស់លោក ពេលព្រឹក និងពេលល្ងាច ក្នុងនោះរួមមាន ឯកអគ្គរដ្ឋទូតអាមេរិក ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា ឯកអគ្គរាជទូតជប៉ុន និងនៅថ្ងៃទី ១៤ វិច្ឆកានេះ គឺ ឯកអគ្គរាជទូតអង់គ្លេស ផងដែរ។

បើយោងតាមបញ្ជាក់ប្រាប់របស់ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា ដែលបានធ្វើឡើងក្រោយបញ្ចប់ជំនួបរវាងលោក កឹម សុខា ជាមួយលោកស្រី Tina Redshaw ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ជំនួបទាំងអស់ របស់ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត សរុបទាំងអស់ ៧ រូបមកហើយនេះ គឺគ្រាន់តែជាការជួបសួរសុខទុក្ខធម្មតាប៉ុណ្ណោះ មិនបានពិភាក្សាគ្នាច្រើនលើសពីនេះនោះឡើយ ពោលគឺមិននិយាយអំពីរឿងនយោបាយឡើយ។

ការអញ្ចើញមកជួប លោក កឹម សុខា ជាបន្តបន្ទាប់នេះ បានកើតឡើងក្រោយពី លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕