សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម ៧៦ វស្សា

1016

ភ្នំពេញ​៖ ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែលជា​បុត្រ​ច្បង​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា បាន​យាង​សោយ​ព្រះ​ពិរាល័យ កាលពី​វេលា​ម៉ោង ១២៖៣០​នាទី ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ ​នៃ​ព្រះរាជាណាចក្រ​ថៃ ព្រះ​រោគាពាធ​។​

​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះអង្គ ព្រះ​ប្រសូត​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​១៩៤៣ នា​រាជធានី​ភ្នំពេញ។ ទ្រង់​​ គឺជា​ព្រះរាជ​បុត្រី​ច្បង នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល ដែលជា នាដ​ការី នៃ​របាំ​ព្រះរាជ​ទ្រព្យ ។ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះអង្គ បានទទួល​ការសិក្សា​នៅ​វិទ្យាល័យ​ព្រះ​នរោត្តម ក្នុង​រាជធានី​ភ្នំពេញ ។​

សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី

​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ត្រូវជា​ព្រះរៀម​បង្កើត​មាតា​ទីទៃ នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ត្រូវ​ជា​ព្រះរៀម​បង្កើត នៃ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។

សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះអង្គ មាន​ព្រះ​បុត្រាបុត្រី​ចំនួន ៥​អង្គ គឺ

១/ ព្រះអង្គម្ចាស់​ក្ស​ត្រី ស៊ី​សុវត្ថិ មុនី​កូ​ស្ស​ម៉ា ប្រសូត​ឆ្នាំ​១៩៦០
២/ ព្រះអង្គម្ចាស់​ក្ស​ត្រី ស៊ី​សុវត្ថិ កល្យាណ​ទេវី ប្រសូត​ឆ្នាំ​១៩៦១
៣/ អ្នកអង្គម្ចាស់​ក្ស​ត្រី នរោត្តម ចាន់​ស៊ី​តា ប្រសូត​ឆ្នាំ​១៩៦៥
៤/ ព្រះអង្គម្ចាស់ ស៊ី​សុវត្ថិ ជី​វ័​ន្ត​ណា​រិ​ទ្ធ ប្រសូត​ឆ្នាំ​១៩៦៨
៥/ ព្រះអង្គម្ចាស់ ស៊ី​សុវត្ថិ វី​ជ្ជ​រ៉ា​វុ​ឌ្ឍ ប្រសូត​ឆ្នាំ​១៩៧៨​

សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះអង្គ បាន​ចូល​ហាត់​របាំ​ចាប់តាំងពី មាន​ព្រះជន្ម ៥​ ព្រះវស្សា ទ្រង់​ជា​ព្រះរាជ​នត្តា ​ជាទី​គាប់​ព្រះរាជហឫទ័យ នៃ​សម្តេចព្រះ​មហាក្សត្រី​យា​នី ស៊ី​សុវត្ថិ មុនី​វង្ស កុស​មៈ នារីរតន៍ សេរី​វ​ឌ្ឍ​នា ព្រះ​មាតា​សិល្បៈ​ខ្មែរ ហើយ​តែងតែ​ទទួល​បានការ​ទំនុកបម្រុង និង​មើលថែរក្សា​ អំពី​ការហាត់​របាំ​ពី​សំណាក់​សាស្ត្រាចារ្យ​ចំណាន នៃ​រជ្ជកាល​ក្សត្រ​ជំនាន់​មុនៗ​។

សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី  និង ព្រះ​បរម​រតន​កោដ្ឋ

សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះអង្គ បាន​ក្លាយជា​នាដកា​រី​ដ៏​ប៉ិ​ន​ប្រសព្វ​ក្នុង​ព្រះជន្ម ១៥​ ព្រះវស្សា និង​បានទទួល​ងារ​ជា «​នាដកា​រឯក​» ក្នុង​ព្រះជន្ម ១៨​ព្រះវស្សា​។​

​ព្រះអង្គ ត្រូវបាន​ត្រាស់បង្គាប់​ជា នាដ​ការី​ដំបូង​គេ​បំផុត សម្រាប់​សម្តែង​នូវ របាំ​អប្សរា ដែល​តម្លើង​ដោយ សម្តេចព្រះ​មហាក្សត្រី​យា​នី ស៊ី​សុវត្ថិ មុនី​វង្ស កុស​មៈ នារីរតន៍ សេរី​វ​ឌ្ឍ​នា សម្រាប់​ទទួល​បដិសណ្ឋារកិច្ច នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់ ឯកឧត្តម Charles de Gaulle ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង នៅក្នុង​ឆ្នាំ ១៩៦៤ និង​ក្រោយមកទៀត​ ដោយ​ទត​ឃើញ​ពី​ភាពល្អ​ឯក​នេះហើយ ទើប ព្រះអង្គ ត្រូវបាន​ប្រោស​ព្រះរាជទាន​ ដង្ហែ​ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ យាង​ទៅ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ ក្នុង​ដំណើរ​ព្រះរាជ​ទស​ន្ស​កិច្ច​ទៅ​កាន់​ក្រៅប្រទេស និង​សម្តែង​ជូន ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាច្រើន​ផងដែរ​។​

សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី

​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះអង្គ​ បានទទួល​ព្រះរាជក្រឹត្យ​តម្លើង​ព្រះ​គោរមងារ​ជា «​សម្ដេច​រាជបុត្រី ព្រះរៀម​» នា​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​១៩៩៤ និង​ទទួល​តំណែង​ជា «​ទេព​នាថ​វ​ដ្តី​ឯក​» ពី​ព្រះរាជក្រឹត្យ ស្ដីពី​ការ​តែ​តាំង​មត៌ក​មនុ​ស្សរស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ​២០១៣​។​

សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះអង្គ ជា​សាស្ត្រាចារ្យ​របាំ​បុរាណ ក្នុង​ក្របខណ្ឌ​ក្រសួង​អប់រំ ​ចន្លោះ​ពី​ឆ្នាំ ១៩៦០ ដល់​ឆ្នាំ ១៩៧០​។ ក្នុង​របប ប៉ុល ពត ព្រះអង្គ បាន​ភៀស​ព្រះកាយ​ទៅ​គង់នៅ​ក្នុង ជំរុំ​ជនភៀសខ្លួន ខ្មែរ​-​ថៃ មួយរយៈ​ មុន​បន្តទៅ​គង់​រស់​នៅ​ប្រទេស​បារាំង​។ ព្រះអង្គ បាន​បង្ហាត់បង្រៀន​ជូន​ប្រជាជន​ខ្មែរ ដែលរស់នៅក្នុង​ជំរុំ Site B អំពី​របាំ ព្រះរាជ​ទ្រព្យ​ ដើម្បី​ឲ្យ​ប្រជាជន​ទាំងនោះ​ ភ្លេច​នូវការលំបាក​ ពេល​រស់នៅក្នុង​ជំរុំ​ផង និង​ដើម្បី​ថែរក្សា​នូវ​របាំ​ព្រះរាជ​ទ្រព្យ​នេះ​ផង ព្រោះ ទ្រង់ បារម្ភ​ខ្លាច​បាត់បង់​ពេល​ប្រទេស​ធ្លាក់​ចូលក្នុង​សង្គ្រាម ។​

​ក្រោយ​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បានសម្រេចព្រះទ័យ ​យាង​ចូល​ប្រទេស​កម្ពុជា​វិញ ហើយ​បាន​កាន់តំណែង​ជា អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ ១៩៩៣​។ ក្នុង​ចន្លោះ​ឆ្នាំ ១៩៩៣ ដល់ ១៩៩៨ ព្រះអង្គ ជាទី​ប្រឹក្សា​ជាន់ខ្ពស់ របស់​រាជរដ្ឋាភិបាល ទទួលបន្ទុក​ផ្នែក​វប្ប​ធ​ម៏ និង​ក្រោយមក​កាន់តំណែង​ជា រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៏ និង​វិចិត្រសិល្បៈ ពី​ឆ្នាំ​១៩៩៨ ដល់ ២០០៤។ ពី​ឆ្នាំ ២០០០ ដល់ ២០១៣ ព្រះអង្គ ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន​។ ទ្រង់ បាន​ក្លាយជា​សមាជិក​ព្រឹទ្ធសភា ពី​ឆ្នាំ​២០០៤ ដល់ ២០១៦ និង​ជាមួយគ្នានេះ​ជា សមាជិក​ក​ត្តិ​យស នៃ​សិល្បៈ​របាំ​អន្តរជាតិ​ពិភពលោក CID ។ ព្រះអង្គ ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​នៅ​ឆ្នាំ​២០១៦ ជា​សមាជិក នៃ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​។​

សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី

​ស្នា​ព្រះហស្ត​ដ៏​សំខាន់ របស់ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី គឺ​ការនាំ​ឲ្យ មានការ បញ្ចូល​របាំ​ព្រះរាជ​ទ្រព្យ ចូល​ជា​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ នៅ​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣។ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្តី​ឯក គឺជា​ព្រះ​និមិត្តរូប នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ ពី​ព្រោះតែ​កាលពី​អតីតកាល ក៏ដូចជា​បច្ចុប្បន្ន ប្រជាជន​ខ្មែរ​ដែល​ស្គាល់ ឬឮ​ឈ្មោះ​របាំ​ព្រះរាជ​ទ្រព្យ តែងតែ​នឹកឃើញ​ជានិច្ច​ដល់​ព្រះនាម​របស់​ទ្រង់ ដែលជា​អ្នក​សម្តែង​របាំ​ដ៏​ប៉ិនប្រសប់​នេះ រួមជាមួយ​សម្រស់​ដ៏​ស្រស់​សោភា​។ ទោះបីជាព្រះអង្គ មាន​ព្រះជន្ម ៧៦​ព្រះវស្សា និង​ឈប់​សម្តែង​ក្តី ក៏​ទ្រង់​នៅតែ​បន្ត​រៀបចំ​ក្រុម​សម្តែង​ របាំ​ព្រះរាជ​ទ្រព្យ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បានដឹង និង​ជាពិសេស​ផ្សព្វផ្សាយ​ នៅលើ​ឆាក​អន្តរជាតិផងដែរ​។​

​រឿង​រាជ​ឥស្សរិយយស ដែល​  សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះអង្គ​ទទួលបាន​រួមមាន​៖

  • ១៥ មីនា ២០០៦ : គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​
  • ២២ តុលា ២០០១ : គឿង​ឥស្សរិយយស សម្ដេច​ព្រះមហា​ក្ស័​ត្រី​យ៍ កុសុមៈ នារីរតន៍ សិរី​វ​ឌ្ឍ​នា​
  • ១៦ ឧសភា ២០០១ : គ្រឿង​ឥស្សរិយ​ស មុនី​សារា​ភ័​ណ្ឌ​

សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕