ភ្នំពេញ៖ ពាក្យ “ស្នេហាជាតិ” ដែលយើងតែងតែស្ដាប់ឮអ្នកផងតែងស្រែកក្ដែងៗ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បកស្រាយអត្ថន័យពន្យល់ថា ស្នេហាជាតិ លុះត្រាតែ ពេលជាតិមានទុក្ខ ប្រជាជនមានទុក្ខ ត្រូវនៅជាមួយប្រជាជន ការពារប្រជាជន ការពារទឹកដី ការពារឯករាជភាព ធ្វើម៉េចឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាព មានការអភិវឌ្ឍ។

សម្ដេចក្រឡាហោម ធ្វើការបកស្រាយអត្ថន័យពាក្យ “ស្នេហាជាតិ” នៅក្នុងឱកាសដែលសម្ដេចបានអញ្ចើញចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ២៧៩ គ្រួសារ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងប្រាប់ប្រជាជនថា៖ “ដែលហៅថាស្នេហាជាតិនោះយ៉ាងម៉េច? ស្នេហាជាតិមានន័យថា កាលណាជាតិមានទុក្ខ ប្រជាជនមានទុក្ខ យើងត្រូវនៅជាមួយប្រជាជន ហើយត្រូវការពារប្រជាជន ការពារទឹកដីរបស់ខ្លួនឲ្យបាន ការពារឯករាជភាពរបស់ខ្លួនឲ្យបាន ធ្វើម៉េចឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាព មានការអភិវឌ្ឍ។ ហ្នឹងហើយដែលហៅថាស្នេហាជាតិ។ មិនមែនស្នេហាជាតិគ្រាន់តែស្រែកតែមាត់ ឬសរសេរលើតែក្រដាសទេ។”

សម្ដេចក្រឡាហោម បានបន្តទៀតថា៖ “អ្នកខ្លះគ្រាន់តែនិយាយទេ គ្រាន់តែថាទេ ប៉ុន្តែខ្លួនដេកនៅបរទេសខាងក្រៅនោះទេ ស្រែកពីក្រៅមកថាខ្លួនឯងហ្នឹងស្នេហាជាតិជាងអ្នកនៅក្នុងស្រុកទៅទៀត។ យើងនៅក្នុងស្រុកដែលធ្វើការងារបម្រើប្រជាពលរដ្ឋរៀងរាល់ថ្ងៃហ្នឹងគេចាត់ទុកថាអ្នកហ្នឹងមិនស្នេហាជាតិទេ។ ដល់ពួកគាត់ គាត់នៅខាងក្រៅសោះ គាត់ថាគាត់ស្នេហាជាតិជាងអ្នកនៅក្នុងស្រុក។ តែអាហ្នឹងរឿងរបស់គាត់ទេ ទុកឲ្យគាត់និយាយថាម៉េចថាទៅ”៕