ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់ថា ប្រទេសថៃ បានឆ្លើយតបជាវិជ្ជមាន ចំពោះការស្នើសុំផ្លូវដែកដែលប្រើប្រាស់រួចប្រវែង ១៤០ គីឡូម៉ែត្ររបស់ថៃ ដើម្បីយកមកប្រើប្រាស់ក្នុងការពង្រីកការតភ្ជាប់ផ្លូវដែក នៅក្នុងប្រទេសបន្ថែមទៀត។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ដែលរួមមាន ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា លើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់ទទួលក្បាលរថភ្លើង ១ គ្រឿង ព្រមទាំងទូដឹកអ្នកដំណើរចំនួន ៤ទូ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ។

សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា៖ “អម្បាញ់មិញយើងក៏បានទទួលនូវការឆ្លើយតបជាវិជ្ជមាន តាមរយៈសំណើរបស់ខ្ញុំ ជូនចំពោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ប្រាយុធ ចាន-អូចា និងតាមរយៈឯកឧត្តមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃនោះ មិត្តថៃមាននៅសល់ផ្លូវដែក ១៤០ គីឡូម៉ែត្រ ព្រោះថា ដែកចាស់ៗរបស់ថៃ ត្រូវបានដោះចេញជំនួសដោយដែកថ្មី អ៊ីចឹងទេ ចាស់របស់ថៃ ប៉ុន្តែថ្មីនៅកម្ពុជា”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ផ្លូវដែកនៅប៉ោយប៉ែត ក៏ជាផ្លូវដែកចាស់របស់ប្រទេសម៉ាឡេស៊ី ប៉ុន្តែជាផ្លូវដែកថ្មីនៅប្រទេសកម្ពុជាដែរ ដោយប្រទេសម៉ាឡេស៊ី បានផ្តល់ឲ្យប្រទេសកម្ពុជានូវផ្លូវដែកចំនួន ២០០ តោន។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា នៅពេលខាងមុខឆាប់ៗនេះ កម្ពុជា-ថៃ អាចនឹងបើកច្រកព្រំដែនថ្មី ៤ បន្ថែមទៀតរួមមាន ច្រកអានសេះ នៅក្នុងខេត្តព្រះវិហារ, ច្រកជប់គគី នៅក្នុងខេត្តឧត្តរមានជ័យ, ច្រកភ្នំដី នៅក្នុងខេត្តបាត់ដំបង និងច្រកថ្មដា នៅក្នុងខេត្តពោធិ៍សាត់។

គួររំម្លឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានស្តារឡើងវិញរួចរាល់ ១០០% ហើយ ចំពោះកំណាត់ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦ គីឡូម៉ែត្រ ហើយផ្លូវដែកនេះ រួមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ – បានណងអៀន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រំពឹងទុកថា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ និងបណ្តាប្រទេស នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ៕