ភ្នំពេញ៖ លោកស្រី ផេង ផារីណែត ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បានអះអាងថា បើទោះបីជាមានប្រព័ន្ធគ្រប់គ្រងចរាចរណ៍វៃឆ្លាត យ៉ាងណាក៏ដោយ ក៏មិនអាចដោះស្រាយបញ្ហា ការកស្ទះចរាចរណ៍បានដែរ ប្រសិនបើប្រជាពលរដ្ឋមិនគោរពច្បាប់ចរាចរណ៍ បើកបរតាមកន្លងកំណត់ ជាដើមនោះ។
លោកស្រី ផេង ផារីណែត បានលើកឡើងថា៖ “ដូចដែលលោកឯកអគ្គរដ្ឋទូតជប៉ុន គាត់ធ្លាប់បានធ្វើជាវីដេអូមួយរួចមកហើយ ពាក់ព័ន្ធជាមួយនឹងការតំឡើងប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ហ្នឹង គាត់និយាយថា ទោះបីជាបច្ចេកវិជ្ជាហ្នឹងវៃឆ្លាតប៉ុណ្ណា ទំនើបប៉ុណ្ណា ប្រសិនបើប្រជាពលរដ្ឋអត់គោរពច្បាប់ចរាចរណ៍ទេ ក៏វាមិនអាចដោះស្រាយនូវប្រព័ន្ធចរាចរណ៍បានដែរ”។
“ព្រោះបច្ចេកវិជ្ជាជប៉ុន មិនមែនជាបច្ចេកវិជ្ជាធ្លាក់ពីលើមេឃមក ដាក់មកភ្លាមគឺត្រូវតែដោះស្រាយចរាចរណ៍បាននោះទេ ដូច្នឹងភ្លើងស្តុបគឺតំឡើងដើម្បីឲ្យ (ប្រព័ន្ធចរាចរណ៍អាចដំណើរការដោយ) រលូនទៅបាន លុះត្រាតែមនុស្សគោរពគន្លងចរាចរណ៍, គោរពគន្លងបត់ឆ្វេង បត់ស្ដាំ, ហើយបើគាត់អត់គោរពទេ ក៏ប្រព័ន្ធចរាចរណ៍អត់អាចជួយអីបានដែរ ដូច្នឹងវានៅតែជាបញ្ហាប្រឈមធំមួយ” លោកស្រី ផេង ផារីណែត បញ្ជាក់បន្ថែម។
ដោយសារតែស្ថានភាពចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ កាន់តែអាក្រក់ទៅៗ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាលមកពីចំនួនយានយន្ត មានការកើនឡើងយ៉ាងលឿន ប្រមាណជា ៣៧៥% ព្រោះតែសេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើននោះ សាលារាជធានីភ្នំពេញ បានកំពុងព្យាយាមដោះស្រាយបញ្ហាទាំងនេះ ដោយបានដាក់ចេញនូវវិធានការជាច្រើន មានដូចជា ការតំឡើងភ្លើងសញ្ញាចរាចរណ៍ កែលម្អស្ថានភាពផ្លូវប្រសព្វ សាងសងស្ពានអាកាស និងពង្រីកផ្លូវថ្នល់។ល។
ដើម្បីចូលរួមកែលម្អជីវិតរស់នៅ របស់ប្រជាជនកម្ពុជាឲ្យបានល្អប្រសើរ តាមរយៈការកាត់បន្ថយការកកស្ទះចរាចរណ៍ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់នូវជំនួយឥតសំណង ប្រមាណជា ១៦លានដុល្លារអាមេរិក ដើម្បីតំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន ១១៥ទីតាំងនៃផ្លូវប្រសព្វ, បង្កើតមជ្ឍមណ្ឌលគ្រប់គ្រងចរាចរណ៍, បំពាក់ឧបករណ៍ចាប់រូបភាពចំនួន ១៩៤, កាមេរ៉ាសុវត្ថិភាព ២៦ និងគូសគំនូសសញ្ញាចរាចរណ៍នៅតាមដងផ្លូវ។
ការរពឹងទុកនៃគម្រោងនេះគឺ អាចកែលម្អរយៈពេលធ្វើដំណើរនៅក្នុងទីក្រុង ១៤% ពីល្បឿន ១២.៥គីឡូម៉ែត្រ/ម៉ោង ទៅល្បឿន ១៤.២គីឡូម៉ែត្រ/ម៉ោង, កាត់បន្ថយថ្លៃធ្វើដំណើរ ២.៥លានដុល្លារអាមេរិក សម្រាប់អ្នកប្រើប្រាស់យានយន្ត តាមមហាវិថីព្រះមុនីវង្ស, កាត់បន្ថយការបញ្ចូនប៉ូលីសចរាចរណ៍ ទៅកាន់ទីតាំងផ្លូវប្រសព្វចំនួន ២០% និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម។
គម្រោងដែលមានទំហំទឹកប្រាក់ប្រមាណជា ១៦លានដុល្លារ របស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុននេះ ហាក់បីដូចស្ថិតនៅឆ្ងាយពីការរំពឹងទុក ដោយសារបញ្ហាប្រឈមមួយចំនួន ជាពិសេសគឺកត្តាធនធានមនុស្ស ដែលជាអ្នកគ្រប់គ្រងនិងបញ្ជាប្រព័ន្ធ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការប្រើប្រាស់ផ្លូវថ្នល់ និងការគោរពច្បាប់ចរាចរណ៍ជាដើម៕