ថៃ ឃាត់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធការ បង្ហោះព័ត៌មានមិនពិត​ អំពី វីរុសកូរ៉ូណា

767

អាជ្ញាធរថៃបានធ្វើការឃាត់ខ្លួនមនុស្សពីរនាក់ ពីបទបង្ហោះព័ត៌មានមិនពិតអំពីវីរុសកូរ៉េណាប្រភេទថ្មី ខណៈមន្រ្តីជាន់ខ្ពស់ថៃបានព្រមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមថា ឲ្យចេះគិតគូរពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន មុនពេលចែកចាយបន្តនូវព័ត៌មានពាក់ព័ន្ធនឹងវីរុសនេះ ព្រោះអាចជាព័ត៌មានដែលមិនពិត។ នេះបើតាមការដកស្រង់ការផ្សាយពី សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។

រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលថៃលោក Buddhipongse Punnakanta បានឲ្យដឹងថា បុរសម្នាក់និងស្រ្តីម្នាក់ ត្រូវបានចោទប្រកាន់ពីបទ បំពានលើច្បាប់បទល្មើសតាមប្រព័ន្ធកុំព្យូទ័ររបស់ប្រទេសថៃ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់០៥ឆ្នាំ បន្ទាប់ពី អ្នកទាំងពីរបានបង្ហោះព័ត៌មានដែលមិនពិតអំពីវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅលើបណ្តាញទំនាក់ទំនងសង្គម។

បើតាមលោក Buddhipongse ពួកគេទាំងពីរបានសារភាពរួចទៅហើយថា ពួកខ្លួនបានបង្កើតព័ត៌មានគ្មានការពិតប្រាកដមែន ហើយលោកបានបន្ថែមថា ជនសង្ស័យមួយចំនួនទៀតកំពុងតែស្ថិតក្រោមការស៊ើបអង្កេត ហើយអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងឡាយ គួរតែចេះគិតគូរពិចារណាឲ្យបានល្អិតល្អន់ ហើយចេះរកមើលប្រភពថាតើព័ត៌មានដែលពួកគេបានឃើញនៅតាម បណ្តាញសង្គមទាំងនោះ មានប្រភពមកពីណា តើអាចគួរឲ្យទុកចិត្តបានដែរឬក៏អត់ និងកុំចេះតែស៊ែរបន្តៗគ្នា ព្រោះពួកវាអាច ជារឿងមិនពិត ដែលប្រឌិតឡើងដោយជនដែលគ្មានការទទួលខុសត្រូវ។

ជាក់ស្តែងបន្ទាប់ពីវីរុសកូរ៉ូណាប្រភេទថ្មី បានផ្ទុះឡើងចេញពីប្រទេសចិន និងទៅដល់ប្រទេសជិត២០ផ្សេងទៀត នៅលើបណ្តាញ ទំនាក់ទំនងសង្គម បានពោរពេញទៅដោយព័ត៌មានមិនពិតអំពីវីរុសនេះ ដែលក្នុងនោះរួមមាន ការភូតកុហកទាក់ទង នឹងតួលេខនៃ អ្នកស្លាប់ វិធីព្យាបាលឬការពារខ្លួនដែលមិនត្រឹមត្រូវ និងប្រភពនៃវីរុស ព្រមទាំងមានការបំផុសបំផុលឲ្យរើសអើងជនជាតិចិនថែម ទៀតផង៕