ប្រទេសចិន៖ ទង្វើររបស់អាមេរិក ក្នុងការទប់ស្កាត់មហិច្ឆតា របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រូវបានស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei លើកឡើងនៅថ្ងៃអង្គារ៍នេះថា អាមេរិក មើលស្រាល ក្រុមហ៊ុន Huawei ពេកហើយ។
លោក Ren Zhengfei បានថ្លែងបែបនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានចេញបទបញ្ជា ក្នុងគោលបំណងទប់ស្កាត់អាជីវកម្ម របស់ក្រុមហ៊ុន Huawei និងខ្ទប់ដង្ហើមមិនឲ្យក្រុមហ៊ុននេះរស់បាន ដោយសារតែក្រុមហ៊ុននេះ លូតលាស់ដើរលឿនជាងអាមេរិកខ្លាំងពេក ដោយប្រើលេសចោទប្រកាន់ក្រុមហ៊ុន Huawei ថាបានលួចទន្និន័យ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួន តែពុំមានភស្តុតាងណាមួយ យកមកបញ្ជាក់នៅឡើយនោះទេ រហូតមកទល់ពេលនេះ។

ប្រព័ន្ធផ្សព្វផ្សាយចិនបានស្រង់សម្ដីរបស់ លោក Ren Zhengfei ថា “ការអនុវត្តនាពេលបច្ចុប្បន្ន នៃអ្នកនយោបាយរបស់អាមេរិក បានមើលស្រាល ចំពោះចំណុចខ្លាំងរបស់យើង”។
លោកបានបន្ថែមថា៖ “”បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei នឹងមិនរងផលប៉ះពាល់នោះទេ។ បើនិយាយអំពីបច្ចេកវិទ្យា 5G ក្រុមហ៊ុនដទៃ នឹងមិនអាចប្រជែងជាមួយក្រុមហ៊ុន Huawei បានឡើយក្នុងរយៈពេល ២ ឬ ៣ ឆ្នាំទៀតទេ”។
កាលពីសប្ដាហ៍មុនលោក ដូណាល់ ត្រាំ បានប្រកាស អំពី “ហានិភ័យមិនអាចទទួលយកបានចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក” ដែលបានផ្តល់អំណាច ដល់លោក ដូណាល់ ត្រាំ ក្នុងការដាក់បញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅ។
ប៉ុន្តែក្រោយមក ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃចន្ទបានប្រកាសពីអាជ្ញាប័ណ្ណជាបណ្តោះអាសន្ន ដែលមានសុពលភាពរយៈពេល ៩០ ថ្ងៃ ឲ្យក្រុមហ៊ុន Huawei ក្នុងរៀបចំខ្លួននិងដោះស្រាយបញ្ហានានា។
ប៉ុន្តែលោក Ren Zhengfei បាននិយាយថា “អាជ្ញាប័ណ្ណបណ្តោះអាសន្នរយៈពេល ៩០ ថ្ងៃរបស់សហរដ្ឋអាមេរិកនេះ មិនមានផលប្រយោជន៍អ្វីច្រើនដល់យើងទេ។ យើងបានត្រៀមខ្លួនរួចរាល់អស់ហើយ”៕