ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានបង្កើតអាជ្ញាប័ណ្ណទូទៅជាបណ្តោះអាសន្នមួយ ដើម្បីស្តារសមត្ថភាពរបស់ក្រុមហ៊ុន Huawei ក្នុងការរក្សាបណ្តាញដែលមានស្រាប់និងផ្តល់ជូននូវការធ្វើបច្ចុប្បន្នភាព កម្មវិធីដល់ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei ។
អាជ្ញាប័ណ្ណនេះ បានបន្ថយការរឹតបន្តឹង ដែលបានដាក់ចេញដោយរដ្ឋាភិបាលអាមេរិកកាលពីសប្តាហ៍មុន ចំពោះការទិញបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ពីក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដើម្បីជួយសម្រួលដល់អតិថិជន Huawei ដែលមានស្រាប់។ អាជ្ញាប័ណ្ណបណ្តោះអាសន្ននេះ មានសុពលភាពរហូតដល់ថ្ងៃទី១៩ ខែសីហា។
គួររំម្លឹកផងដែរថា កាលពីសប្ដាហ៍មុន អាមេរិកបានដាក់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei ចូលទៅក្នុងបញ្ជីខ្មៅ ដែលមិនអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិក លក់បច្ចេកវិទ្យារបស់ខ្លួន ទៅឲ្យក្រុមហ៊ុន Huawei ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលអាមេរិក។ ក្រុមហ៊ុនអាមេរិកទាំងឡាយ ដែលមានទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុន Huawei ចង់មិនចង់ ទោះបីខ្លួនឯងត្រូវបាត់បង់ចំណូលក៏ដោយ ដាច់ខាចត្រូវតែគោរពទៅតាមច្បាប់ដែលបានដាក់ចេញនេះ។
បន្ទាប់ពីច្បាប់នេះចូលជាធរមាន កាលពីថ្ងៃអាទិត្យក្រុមហ៊ុន Google បានប្រកាសផ្អាកភាពជាដៃគូជាមួយក្រុមហ៊ុន Huawei ក្នុងការផ្ដល់សិទ្ធិប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android និងសេវាមួយចំនួនទៀត ហើយក៏មានក្រុមហ៊ុនមួយចំនួនទៀត ដែលផ្ដល់គ្រឿងបង្គុំអេឡិចត្រូនិចឲ្យទៅក្រុមហ៊ុន Huawei បានប្រកាសផ្អាកអាជីវកម្មជាមួយ ក្រុមហ៊ុន Huawei ដូចគ្នានេះដែរ។
អ្នកនាំពាក្យរបស់ Google បាននិយាយបញ្ជាក់ប្រាប់ថា អ្នកប្រើប្រាសស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បច្ចុប្បន្ន ដែលបានប្រើប្រាស់កម្មវិធីរបស់ Google នឹងនៅតែអាចប្រើប្រាស់ និងទាញយកកម្មវិធីដែលត្រូវបានផ្ដល់ដោយ Google ។
ស្ថាបនិករបស់ក្រុមហ៊ុន Huawei លោក Ren Zhengfei បានថ្លែងថា ការធ្វើបែបនេះរបស់អាមេរិក មិនប៉ះពាល់ដល់ក្រុមហ៊ុន Huawei នោះទេ ព្រោះក្រុមហ៊ុនបានដឹងហើយថា នឹងមានថ្ងៃនេះ ហើយបានត្រៀមខ្លួនរួចជាស្រេច ចំពោះផលប៉ះពាល់នានា ដែលនឹងកើតមានឡើង។
“អាជ្ញាប័ណ្ណទូទៅបណ្តោះអាសន្ន” ដែលផ្ដល់ឲ្យនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Huawei ផ្តល់ជូននូវការធ្វើបច្ចុប្បន្នភាពកម្មវិធី និងរក្សាបណ្តាញទូរស័ព្ទដែលមានស្រាប់ សម្រាប់អតិថិជននៅសហរដ្ឋអាមេរិក ដែលបានប្រើស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ៕