ឯកអគ្គរដ្ឋទូត​បារាំ​ង​ បានទៅសួរសុខទុក្ខ លោក កឹម សុខា

677

លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូត​បារាំ​ង បានអញ្ចើញទៅជួប លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយដោយអំណាចតុលាការ រយៈពេលជិតពីរម៉ោង ត្រឹមតែសួរសុខទុក្ខគ្នាធម្មតា មិនមានជជែកលើបញ្ហាអ្វីផ្សេងនោះឡើយ។ នេះបើតាមការអះអាងរបស់ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា។

លោក មុត ចន្ថា បានបញ្ជាក់ប្រាប់ នៅក្រោយជំនួបកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះទៀតថា ក្នុងជំនួបនោះលោក កឹម សុខា ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលបារាំងផងដែរ ដែលបានជួយធ្វើឱ្យប្រសើរឡើង នូវដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាដើម។

បើតាមលោក មុត ចន្ថា ជំនួបនេះ មិនមានជជែកលើបញ្ហាផ្សេងនោះឡើយ។ លោកបានបញ្ជាក់ថា៖ “គោលបំណងនៃការមកជួបរបស់គាត់នេះ គឺគ្រាន់តែមកសួរសុខទុក្ខរបស់គាត់ នៅពេលឯកឧត្តមមានការបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ មកសួរសុខទុក្ខធម្មតា ដែលគាត់ខានជួបជាមួយបេសកកម្មស្ថានទូតយូរមកហើយ”។

លោក មុត ចន្ថា បានបន្តថា លោក កឹម សុខា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ក៏ដូចជាលោកស្រីឯកអគ្គរដ្ឋទូតដែលបានជួយប្រទេសកម្ពុជាដល់ដំណើរការប្រជាធិបតេយ្យ ក៏ដូចជាជួយដល់ការស្វែងរកសិទ្ធិសេរីភាព និងផ្តល់យុត្តិធម៌ដល់រូបលោក។

ជំនួបរវាងលោក កឹម សុខា និងលោកស្រី អេវ៉ា ង្វៀន ប៊ិញ អាចកើតឡើងបាន ក៏ព្រោះតែ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យធ្វើដំណើរទៅក្រៅផ្ទះ និងធ្វើដំណើរទៅកាន់ទីកន្លែងនានាទូទាំងប្រទេសកម្ពុជា តែបន្តភ្ជាប់ជាមួយលក្ខខណ្ឌ ដោយមិនអាចធ្វើសកម្មភាពនយោបាយ ឬធ្វើដំណើរទៅក្រៅប្រទេសបាននោះឡើយ ហើយក៏ត្រូវចូលបង្ហាញខ្លួនរាល់ពេលតុលាការកោះហៅ៕