ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការចោទសួរទៅលោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ថា តើលោក លី ស៊ានឡុង ចាត់ទុកការកាត់ទោស មេដឹកនាំខ្មែរក្រហម កន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់?
ការចោទសួររបស់សម្ដេច ហ៊ុន សែន បានធ្វើក្រោយពេលដែលលោក នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅដោយលើកឡើងថា “ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង ៥ ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម។…”។
សម្ដេច ហ៊ុន សែន បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបង្ហោះសាររបស់លោក នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង ព្រោះតែ ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញដែរ។ សឹង្ហបុរី បានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំ ដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ជាង១០ ឆ្នាំថែមទៀត ហើយដែលស្មើនឹង ការប្រឆាំងនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជាផងដែរ។
សម្ដេចតេជោ បានបន្តទៀតថា ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៏ប៉ុលពត។ ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះ បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានទូន្មានទៅកាន់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុងថា “យើងគួរថ្នាក់ថ្នមទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលក៏ដូចជាប្រជាជននិងប្រជាជន នៅក្នុងប្រជាជាតិអាស៊ាន”។
ការលើកឡើងរបស់លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ចាត់ទុកជាការជ្រៀតជ្រែកដល់ដែនអធិបតេយ្យជាតិកម្ពុជាផ្ទុយពីរដ្ឋធម្មនុញ្ញអាស៊ាន៕