រឿងហូបនំបញ្ចុក បើគិតមួយភ្លែតទៅដូចជារឿងកំប្លែង តែប៉ុន្តែបើគិតឲ្យស៊ីជម្រៅបន្តិច វាពិតជារឿងមិនធម្មតានោះទេ។ ដំបូងយើងគួរយល់ថា ការជួបជុំហូប នំបញ្ចុក ត្រូវបានក្រុមអតីតបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី ប្រើប្រាស់ជាយុទ្ធវិធីបន្លំភ្នែកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជាការបិទបាំង ការរៀបចំរចនាសម្ព័ន្ធនយោបាយក្រៅច្បាប់របស់ខ្លួន។
ដោយទទួលបានលុយកាក់ពីក្រៅប្រទេស ក្រុមសកម្មជនមួយចំនួនរបស់អតីតបក្សប្រឆាំង ដូចជានៅខេត្តបាត់ដំបង ឈ្មោះ រ៉ូហ្សែត ជាដើម បានព្យាយាមបង្កើតឡើងវីញនូវ បណ្តាញរបស់ខ្លួននៅក្នុងប្រទេស ដើម្បីធ្វើសកម្មភាពនយោបាយ ដែលប្រឆាំងនឹងសាលដីកាតុលាការកំពូល តាមបញ្ជារបស់លោក សម រង្ស៊ី ពីក្រៅប្រទេស។

ប៉ុន្តែក្រោយពីផែនការសម្ងាត់នេះ ត្រូវបានបំបែក ក្រុមគេក៏បានបង្វែររឿង ហូបនំបញ្ចុក នេះឲ្យទៅជារឿងនយោបាយ។ ពួកគេបានបង្វែរកំហុស ទៅឲ្យអាជ្ញាធរមានសមត្ថកិច្ច ដោយចោទថា គ្រាន់តែស៊ី នំបញ្ចុក សោះក៏ហៅទៅសួរដែរ។
តាមពិតយើងក៏ដឹងដែរថា ការហូបនំបញ្ចុក នំគ្រក់ ឬពងទារកូន ។ល។ មិនមែនជាបញ្ហាអ្វីនោះទេ តែបញ្ហាគឺ ឲ្យតែមនុស្សប្រព្រឹត្តអំពើខុសច្បាប់ នឹងត្រូវច្បាប់ចាត់វិធានការហើយ។ បើច្បាប់ចាត់វិធានការ ពេលអ្នកកំពុងហូបអាហារណាក៏ដោយ យើងមិនអាចចងភ្ជាប់រឿងនេះ ទៅនឹងចំណីអាហារនោះទេ ព្រោះអាហារទាំងនោះគ្មានកំហុសទេ ដូចករណី នំបញ្ចុក នេះជាដើម។
ប៉ុន្តែល្បិចស៊ី នំបញ្ចុក នេះតាមពិតទៅ គឺពិតជាល្បែងនយោបាយទុច្ចរិត ប្រកបដោយគ្រោះថ្នាក់ដែលគេយក នំបញ្ចុក មកបិទបាំងតែប៉ុណ្ណោះ។ ក្រោយពីបែកការ ពួកមេដឹកនាំអតីតបក្សប្រឆាំង បានបំប៉ោង រឿង ស៊ីនំបញ្ចុក ឲ្យក្លាយជារឿងនយោបាយកាន់តែធំទៅៗ តាមរយៈការអំពាវនាវ ឲ្យអ្នកគាំទ្ររបស់ខ្លួននាំគ្នា ស៊ីនំបញ្ចុក នៅថ្ងៃទី៩ មិថុនាខាងមុខនេះ។

ការអំពាវនាវនេះ គឺជាសារនយោបាយដ៏ពិសពុលបំផុតរបស់ លោក សម រង្ស៊ី ពីព្រោះ៖
ទី១៖ វាបានធ្វើឲ្យអ្នកលក់ និងអ្នកចូលចិត្តបរិភោគ នំបញ្ចុក មានអារម្មណ៍ទើសទាល់ដោយសារ តែពួកគេហាក់ត្រូវបានគេលាបពណ៌នយោបាយ ព្រោះតែសកម្មភាពលក់ ឬបរិភោគ នំបញ្ចុក។
ទី២៖ វាជាសារនយោបាយ ដែលធ្វើឲ្យសង្គមខ្មែរទាំងមូល បែកបាក់គ្នាយ៉ាងខ្លាំង ពីព្រោះតែមានការបែងចែក រវាងអ្នកបរិភោគ នំបញ្ចុក និងអ្នកមិនបរិភោគ នំបញ្ចុក ។ ហើយបើនិយាយពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជាវីញ គឺលែងខ្ចីហ៊ានបរិភោគ នំបញ្ចុក រីឯអ្នកគាំទ្របក្សផ្សេង ឬអ្នកនិយមកណ្តាល ក៏រអៀសខ្លួនមិនហ៊ានបរិភោគ នំបញ្ចុក ដែរ ព្រោះខ្លាចក្រុមអតីតបក្សប្រឆាំង រាប់បញ្ចូលពួកគេថា ជាក្រុមរបស់ខ្លួនដែរ។
ទី៣៖ វាធ្វើឲ្យ នំបញ្ចុក ដែលជាអត្តសញ្ញាណខ្មែរ ក្លាយជាចំណាប់ខ្មាំងនយោបាយ ទាំងស្រុង។
ទាំងនេះ គឺជានយោបាយដ៏ទុច្ចរិត និងដ៏អាក្រក់បំផុតរបស់លោក សម រង្ស៊ី។
ដោយមើលឃើញពីគ្រោះថ្នាក់ ដ៏ធំធេងដល់សង្គមខ្មែរ និងដល់អត្តសញ្ញាណជាតិបែបនេះហើយទើបនាយករដ្ឋមន្ត្រី ហ៊ុន សែន សំរេចចិត្តត្រូវតែបំបែកផែនការទុច្ចរិត របស់លោក សម រង្ស៊ី ចោលសារជាថ្មី។ ផែនការទុច្ចរិតនេះ ពិតជាជ្រៅ ប៉ុន្តែវាជាល្បិចរាក់កំផែល នៅក្នុងកែវភ្នែកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពោរពេញដោយបទពិសោធន៍ចាស់វស្សា។
យុទ្ធសាស្ត្ររុញទូកបណ្តាយទឹកដ៏សាមញ្ញ ក៏អាចបំបែកផែនការពិសពុលនេះ បានយ៉ាងងាយ និងយ៉ាងមានប្រសិទ្ធភាពបំផុត។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យ ប្រជាជនគ្រប់គ្នាហូប នំបញ្ចុក ហើយកំណត់យកថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ ជាថ្ងៃរៀបចំហូបនំបញ្ចុកទូទាំងប្រទេស គឺចំថ្ងៃ ដែលមេដឹកនាំអតីតបក្សប្រឆាំង កំណត់ឲ្យក្រុមរបស់ខ្លួនហូប នំបញ្ចុក ដែរ។
សារសំខាន់មួយទៀតរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ «នំបញ្ចុកឯកភាពជាតិ»។ សារនេះបានបន្សាបពិសពុល «នំបញ្ចុក បំបែកបំបាក់ជាតិ» របស់ សម រង្ស៊ី ទាំងស្រុង។
បច្ចុប្បន្ននេះពលរដ្ឋខ្មែរម្នាក់ៗ អាចបរិភោគនំបញ្ចុកដោយមោទនភាព និងដោយចំហរ មិនថាអ្នកណាកាន់បក្សណាឡើយ។ ពួកគេមិនត្រឹមតែបរិភោគធម្មតាប៉ុណ្ណោះទេ តែថែមទាំងនាំគ្នាថតបង្ហោះតាមហ្វេសប៊ុកព្រោងព្រាតទៀតផង។
ដូច្នេះស្នៀតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបំបែកពិសពុល «នំបញ្ចុកនយោបាយ» ឬ «នំបញ្ចុកបំបែកបំបាក់ជាតិ» របស់ សម រង្ស៊ី ពិតជាមានប្រសិទ្ធភាពយ៉ាងលឿន រហ័សជាងអ៉ិនធើណែត 5G ពោលគឺស្នៀតនេះបានបំផ្លែងពិសបំបែកបំបាក់ជាតិរបស់ សម រង្ស៊ី ឲ្យទៅជាទឹកឃ្មុំដ៏ផ្អែមឈ្ងុយឆ្ងាញ់សម្រាប់ផ្សះផ្សារជាតិទៅវិញ៖
ទី១៖ បំផ្លែងពីការធ្វើឲ្យអ្នកលក់នំបញ្ចុក និងអ្នកបរិភោគនំបញ្ចុកពីមានអារម្មណ៍ទើសទាល់ដោយសារការលាបពណ៌មកជាអ្នកលក់ និងអ្នកបរិភោគនំបញ្ចុកដោយមោទនភាពវិញ ហើយលក់កាន់តែដាច់ជាងមុន។
ទី២៖ បំផ្លែងពីពិសនំបញ្ចុកបំបែកបំបាក់ជាតិឲ្យទៅជាទឹកឃ្មុំនៃ នំបញ្ចុកផ្សះផ្សារនិងឯកភាពជាតិវិញ ពីព្រោះពីអំណឹះតទៅនំបញ្ចុកខ្មែរគ្មានពណ៌នយោបាយទៀតឡើយ។
ទី៣៖ ស្នៀតរុញទូកបណ្តោយទឹករបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំដោះនំបញ្ចុកដែលជាអត្តសញ្ញាណខ្មែរចេញពីចំណាប់ខ្មាំងនៃពិសរបស់លោក សម រង្ស៊ី ទាំងស្រុង។
ខ្ញុំកត់សំគាល់ឃើញថាបន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន មកនំបញ្ចុកខ្មែរពេលនេះកំពុងត្រូវប៉ាន់ហើយលក់មិនទាន់តម្រូវការផង។ នេះគឺជាអត្ថន័យនៃរឿង នំបញ្ចុកដែល ខ្ញុំសូមបកស្រាយជូនបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យបានយល់ពីព្រោះអាចមានអ្នកខ្លះមិនទាន់យល់ពីអត្ថន័យដ៏ជ្រាលជ្រៅនេះឡើយ។
ហេតុដូច្នេះហើយទើបបានជាមានអ្នកគាំទ្រលោក សម រង្ស៊ី ផ្កាប់មុខខ្លះរាប់ទាំងអ្នកដែលតាំងខ្លួនជាអ្នកចេះដឹងមួយចំនួនផង បានបង្ហើរសារបែបមិនយល់សាច់ការអ្វីទាំងអស់ថា នាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយរឿងនំបញ្ចុកគឺដើរតាមក្រោយលោក សម រង្ស៊ី។
ខ្ញុំយល់ថា ប៉ូលិសដែលរត់តាមពីក្រោយចោរមិនមែនធ្វើតាមចោរនោះទេ តែគឺដេញចាប់ចោរយកទៅញាត់គុក។ សរុបមកវិញលោក សម រង្ស៊ី ពិតជាមានល្បិចពិសពុលខ្លាំងណាស់ ក្នុងការបំបែកបំបាក់ជាតិតាមគ្រប់រូបភាពគឺអស់ពីល្បិចមួយចូលដល់មួយទៀតមិនចេះចប់មិនចេះហើយ។
ប៉ុន្តែខ្ញុំគិតថាស្រុកខ្មែរ យើងពិតជាមហាសំណាងហើយដែលមាននាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាប្រមុខដឹកនាំប្រទេស កុំអីប្រទេសជាតិយើងមិនដឹងជាធ្លាក់ដល់ណាទេ ដោយសារតែល្បិចកលគ្រប់បែបយ៉ាង និងគ្រប់រូបភាពរបស់ សម រង្ស៊ី ដែលសូម្បីតែនំបញ្ចុកក៏គាត់អាចទាញឲ្យទៅជារឿងនយោបាយបានដែរ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ