ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើនលទ្ធភាព នៃការផ្គត់ផ្គង់ថាមពលអគ្គិសនី ឲ្យដល់ជាង ២៨៧០មេហ្គាវ៉ាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋ និងកំណើនការពង្រីករោងចក្រសហគ្រាសនៅកម្ពុជា។ នេះបើតាមការចុះផ្សាយ នៅក្នុងវេបសាយក្រសួងព័ត៌មាន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក វ៉ិចទ័រ ហ្ស៊ូណា បានឲ្យដឹងថា ការពង្រីកលទ្ធភាពផ្គត់ផ្គង់អគ្គិសនីនេះ ដោយសារតែកំណើននៃការប្រើប្រាស់ ក្នុងរយៈពេលចុងក្រោយនេះ បានកើនឡើងយ៉ាងច្រើនហួសប្រមាណលើសពីការរំពឹងទុក ជាពិសេសការពង្រីកគម្រោងវិនិយោគនានាទាំងសំណង់ និងរោងចក្រសហគ្រាស ដែលត្រូវការថាមពលអគ្គិសនីជាច្រើន។
លោកបន្តថា ប្រភពថាមពលដែលទទួលបាន គឺមកពីរោងចក្រផលិតធ្យូងថ្មនៅខេត្តព្រះសីហនុ ការបើកឱ្យដំណើរការពេញលេញ នៃវារីអគ្គិសនីសេសានក្រោម២ និងគម្រោងដាក់ឱ្យប្រើប្រាស់ ថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យនៅចុងឆ្នាំ២០១៩ខាងមុខនេះ។ បន្ថែមពីនេះទៀត គឺការនាំចូលប្រភពថាមពលអគ្គិសនី ពីប្រទេសជិតខាងដូចជា ប្រទេសវៀតណាម ចំនួន ២៧៧មេហ្គាវ៉ាត់, ថៃចំនួនជាង ១៣៥ មេហ្គាវ៉ាត់ និងពីប្រទេសឡាវចំនួន ៣០មេហ្គាវ៉ាត់។
មន្រ្តីអ្នកនាំពាក្យរូបនេះ បន្ថែមថា ក្នុងផែនការពង្រីកការផ្គត់ផ្គង់ប្រភពថាមពលអគ្គិសនី ជូនដល់ប្រជាពលរដ្ឋនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមបញ្ចុះតម្លៃអគ្គិសនីផងដែរ ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩តទៅ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ។
យោងតាមតារាងតម្លៃអគ្គិសនីសម្រាប់ឆ្នាំ២០១៩ បានបង្ហាញថា សម្រាប់លំនៅឋានដែលប្រើប្រាស់អគ្គិសនីចាប់ពី៖
-១ ដល់ ១០គីឡូវ៉ាត់ម៉ោងក្នុង ១ខែ តម្លៃអគ្គិសនី នឹងត្រូវចុះពី ៤៨០ រៀលនៅឆ្នាំ ២០១៨ មកនៅ ៣៨០រៀល ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០
-ចាប់ពី ១១ដល់៥០ គីឡូវ៉ាត់ក្នុង ១ ខែ នឹងត្រូវចុះពី ៦១០ រៀលនៅឆ្នាំ ២០១៨ ទៅ ៤៨០ រៀលនៅឆ្នាំ ២០១៩ និងឆ្នាំ២០២០
-ចាប់ពី ៥១ដល់២០០ គីឡូវ៉ាត់ក្នុង ១ ខែតម្លៃអគ្គិសនីនឹងត្រូវចុះពី ៧៧០ រៀលនៅឆ្នាំ២០១៨ ទៅ ៦១០ រៀល។
លោក ឆឹង ស៊ីណា តំណាងអគ្គិសនីជនបទ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមជនបទ មានកំណើននៃការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងជិត ២ដង ដោយសារការពង្រីកលំនៅឋានថ្មី និងការប្រើប្រាស់សម្ភារៈអេឡិចត្រូនិចមានទូរទស្សន៍ កង្ហា ម៉ាស៊ីនបោកខោអាវ និងម៉ាស៊ីនត្រជាក់ជាដើម។
លោកបញ្ជាក់ថា ក្រុមសេវាករដែលជាសមាជិក នៃសមាគមអគ្គិសនីជនបទ នឹងខិតខំពង្រីកការតបណ្តាញអគ្គិសនី ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិឆ្ងាយៗ ពីខ្សែបណ្តាញជាតិ ដើម្បីឱ្យពួកគេមានលទ្ធភាពប្រើប្រាស់អគ្គិសនី ដូចប្រជាពលរដ្ឋដ៏ទៃទៀត។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាបានប្រើប្រាស់ប្រភពថាមមពលអគ្គិសនី ក្នុងទំហំជាង ២៦៥០មេហ្គាវ៉ាត់ ដែលបានគ្របដណ្តប់លំនៅឋានរបស់ប្រជាពលរដ្ឋជាង ៨៣ភាគរយ៕