ភ្នំពេញ៖ បើតាមប្រធានសាលាដំបូងរាជធានី លោក តាំង ស៊ុនឡាយ បានប្រាប់ទៅ Fresh News ថា អ្នកស្រី ហូវ ដានេ នាយិកាមជ្ឈមណ្ឌលកែសម្ផស្ស “ឌែម៉ូគ្លីនិច” រួមជាមួយម្នាក់ជាបុគ្គលពេទ្យ ជំនាញខាងផ្នែកវះកាត់ប្រដាប់ភេទ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុនីសោភា ចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកទាំង២ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នហើយ នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ។
ការសម្រេចនេះ បន្ទាប់ពីថ្ងៃទី ៤ មករា ម្សិលមិញ ចុងចោទទាំងពីរ ត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ “គំរាមកំហែងហែកកេរ្តិ៍ បទកំហែងយក និងបទប៉ះពាល់សិទ្ធិខាងរូបភាពនៃបុគ្គល” និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី មុនពេលចៅក្រមស៊ើបសួរ សម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃនេះ។
ជាមួយនឹងការសម្រេចរបស់សាលាដំបូងរាជធានីនេះ នាយិកាខាងលើ និងបុគ្គលិកជាគ្រូពេទ្យជំនាញវះកាត់ប្រដាប់ភេទប្រចាំឌែម៉ូ នឹងត្រូវបញ្ជូនទៅពន្ធនាគារ ប៉េហ្សី នៅរសៀលថ្ងៃទី ៥ មករា ២០១៩ នេះតែម្ដង។
យោងតាមក្រមព្រហ្មទណ្ឌ ត្រង់ មាត្រា ៣០២ បានចែងថា អំពើថតរូបភាពនៃបុគ្គលនៅទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយខែ ទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ២លានរៀល៕