អាថ៌កំបាំង​​ស្ថិតនៅ​ពីក្រោយ ការ​ចុះចត​របស់​យាន្ត​អវកាស​របស់​ចិន នៅ​ឋាន​ព្រះ​ច័ន្ទ​

1530

ការ​ចុះចត​របស់​យន្ត​អវកាស​របស់​ចិន នៅឯ​ផ្ទៃ​ចំហៀង​ម្ខាង​ទៀត​នៃ​ព្រះ​ច័ន្ទ គឺជា​សមិទ្ធផល​ខាង​បច្ចេកវិជ្ជា និង​ជាស​ញ្ញា​មួយ​ផ្សេងទៀត​នៃ​សមត្ថភាព​និង​មហិច្ឆតា​របស់​ចិន​។ នេះ​ជាការ​លើកឡើង​របស់ សាស្ត្រាចារ្យ​រង​នៃ​សាកលវិទ្យាល័យ​កា​មេ​រ៉ឺ​ន (Cameron University)​។​

​ប្រទេស​ចិន​បាន​ក្លាយជា​ប្រទេស​ទី 3 ដែល​ធ្វើ យាន​ទៅ​ចុះចត​នៅលើ​ឋាន​ព្រះ​ច័ន្ទ​កាលពី​សប្តាហ៍​មុន (ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩) ​។ ប៉ុន្ដែ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ប្រទេស​ចិន បានក្លាយ​ទៅជា​ប្រទេស​ដំបូង​បំផុត ដែល​ធ្វើដូច្នេះបាន​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រះ​ចន្ទ ដែល​គេ​ហៅថា “​ផ្នែក​ងងឹត​” (Dark Side of the moon) ដែល​សូម្បីតែ​សហរដ្ឋអាមេរិក និង​រុស្ស៊ី ដែល​សុទ្ធតែជា​អ្នក​នាំមុខ​ខាង​វិស័យ​អវកាស​រាប់​ទសវត្សរ៍​មកនេះ មិនទាន់​សម្រេចបាន​នៅឡើយ​។​

​យានអវកាស​ខាងលើ​ដែលមាន​ឈ្មោះ «​ឆាង​អឺ​ទី​៤» គឺជា​និមិត្តរូប​នៃ​ការរីកចម្រើន​ក្នុង​វិស័យ​អវកាស​របស់​ប្រទេស​ចិន និង​ជា​សមត្ថភាព​ដែល​ចិន​បាន​ខិតខំ​កសាងឡើង​។ ភាពជោគជ័យ​នេះ ក្លាយជា​សារសំខាន់​ខ្លាំង​បំផុត​សម្រាប់​ចិន​ខ្លួនឯង​ផ្ទាល់ និង​សម្រាប់​ទំនាក់ទំនង​រវាង​មហាអំណាច​នៅលើ​ពិភពលោក​។ តាំងពីដើម​មក​កត្តា​ជំរុញ​ដ៏​ធំ​នៅក្នុង​គោលនយោបាយ ផ្នែក​ស្រាវជ្រាវ​ទី​អវកាស​របស់​សហរដ្ឋ​អាមេរិក គឺ​ការប្រកួតប្រជែង​ជាមួយ​រុស្ស៊ី ប៉ុន្តែ​ប្រសិនបើ​ភាពជោគជ័យ​របស់​ចិន នៅតែ​បន្ត​រីកដុះដាល​ខ្លាំង​ឡើងៗ​នោះ តើ​អាមេរិក​អាចធ្វើ​ការរត់​ប្រណាំង​ជាថ្មីទៀត លើ​វិស័យ​អវកាស​ជាមួយ​ចិន​ដែរ ឬ​យ៉ាងណា​?

ចំណុច​ពិសេស​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នៅក្នុង​វិស័យ​អវកាស​ចិន ជាពិសេស​បើ​ធៀប​ទៅលើ​ដំណាក់កាល​ដំបូងៗ នៃ​កម្មវិធី​អវកាស​របស់​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​នោះ គឺ​វា​មាន​សន្ទុះ​យឺត ប៉ុន្តែ​មាន​លក្ខណៈ​ថេរ​។ ដោយសារតែ​ភាពអាថ៌កំបាំង​នៅ​ជុំវិញ​វិស័យ​អវកាស​ចិន ធ្វើ​ឲ្យ​អានុភាព​ពិតប្រាកដ​របស់​ចិន​នៅក្នុង​វិស័យនេះ ពុំ​ត្រូវបាន​គេ​ដឹង​ច្បាស់​ឡើយ​។ ប៉ុន្តែ​បើតាម​ការ​ស្ទាបស្ទង់ វិស័យ​អវកាស​ចិន​គឺ​ទំនងជា​មាន​ភាព​រីកចម្រើន​ប្រហាក់ប្រហែល​នឹង​សម​ភាគី​របស់ខ្លួន​ទៅហើយ​។​

បើ​និយាយ​ពី​ការអនុវត្តន៍​ក្នុង​វិស័យ​យោធា ចិន​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ស្ទាត់ជំនាញ​គួរ​ឲ្យ​ស្ញើ​ច​សរសើរ ដោយ​កាលពី​ឆ្នាំ​២០០៧ ចិន​បានធ្វើ​តេស្ត​បាញ់​មី​ស៊ី​ល​ផ្លោង​កម្ទេច​ផ្កាយរណប​ដែល​ខូច​មួយគ្រឿង​ដោយ​ជោគជ័យ​។ ប៉ុន្តែ​ជោគជ័យ​នៃ​ការធ្វើ​តេស្ត​ប្រឆាំង​ផ្កាយរណប​នេះ បាន​បង្កើត​ចេញ​បណ្តុំ​កម្ទេចកម្ទី​ក្នុង​ទី​អវកាស ដែល​កំពុង​បន្ត​បង្ក​ការគំរាមកំហែង​ដល់​ផ្កាយរណប​ឯទៀតៗ​។​

កាលពី​ឆ្នាំ​២០១៨​ថ្មីៗ​នេះ​វិញ ក្រសួងការពារជាតិ​អាមេរិក បានចេញ​របាយការណ៍​ឲ្យ​ដឹងថា កម្មវិធី​អវកាស​សម្រាប់​បម្រើ​វិស័យ​យោធា​របស់​ចិន បាន​បន្ត​រីកលូតលាស់​ខ្លាំង​យ៉ាង​ឆាប់រហ័ស​។ ទោះជា​បែបនេះ​ក្តី មិន​ដូច​ប្រទេស​ផ្សេងៗ អាមេរិក​មិនបាន​ចូលទៅ​បង្កើត​កិច្ចសហប្រតិបត្តិការ​ធំដុំ​ណាមួយ​ជាមួយ​ចិន​ឡើយ ដោយសារតែ​បញ្ហា​សន្តិសុខ​ជាតិ​។​

យ៉ាងណាក៏ដោយ អានុភាព​របស់​ចិន​ក្នុង​វិស័យ​អវកាស កំពុងតែ​រីកចម្រើន​ខ្លាំង​រហូត​ត្រូវបាន​ឆ្លុះបញ្ចាំង នៅក្នុង​ភាពយន្ត​ហូលីវូដ​ល្បីៗ​ដូចជា The Martian កាលពី​ឆ្នាំ​២០១៥ ជាដើម ដោយ​ក្នុងនោះ​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បាន​ងាក​ទៅរក​ចិន​ឲ្យ​ជួយសង្គ្រោះ​អវកាសយានិក​របស់ខ្លួន ដែល​ជាប់​នៅលើ​ភព​អង្គារ (Mars) ព្រោះតែ​យាន​ដឹកទំនិញ​របស់ខ្លួន​ត្រូវ​ខូចខាត ហើយ​ពេលនោះ​គឺ​ចិន​អាចជួយ​បាន​យ៉ាង​ប្រាកដ​។​

​គួរ​ជម្រាប​ថា ខណៈ​ការប្រកួតប្រជែង​គ្នា អាច​នាំទៅរក​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា ដូច​បានបង្ហាញ​ក្នុងការ​រត់ប្រណាំង​ផ្នែក​អវកាស រវាង​អាមេរិក​និង​ចិន​នោះ ការសហការ​គ្នា​រវាង​មហាអំណាច​នៃ​វិស័យ​អវកាស ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ដែរ ពោលគឺ​មិន​ត្រឹម​អាចជួយ​សង្គ្រោះ​អវកាសយាន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​បង្កើន​ចំណេះដឹង​កាន់តែ​ទូលំទូលាយ​អំពី​ចក្រ​វា​ឡ​ដែល​យើងទាំងអស់គ្នា​កំពុង​រស់នៅ​ថែមទៀត​។ ដូច្នេះហើយ ទោះបី​វិស័យ​អវកាស​ចិន​កំពុង​លោត​ឡើង​ខ្លាំង​យ៉ាងណាក៏ដោយ មិនមែន​លទ្ធផល​ទាំងអស់​សុទ្ធតែ​អាក្រក់ ដូច​គូប្រជែង​របស់​ចិន​ប្រឹង​លើកឡើង​នោះទេ​៕ (Channel News Asia)