លោកស្រី មូរ សុខ​ហួរ ត្រូវ​អាជ្ញាធរ​ម៉ាឡេស៊ី​​ ​ឃាត់ខ្លួន​

971

ទីភ្នាក់ងារសារព័ត៌មាន​បរទេស (Reuters) បាន​រាយការណ៍​នៅ​ព្រឹក​នេះ​ថា ប៉ូលិសអន្តោប្រវេសន៍​ម៉ាឡេស៊ី បាន​ឃាត់ខ្លួន​លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​ក្នុងចំណោម​អតីត​មេដឹកនាំ​អតីត​បក្សប្រឆាំង រួមជាមួយ​ទណ្ឌិត សម រង្ស៊ី ដែល​ត្រូវ​ស្វែងរក​ចាប់ខ្លួន ពីបទ​រៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ នៅ​ថ្ងៃទី​៩​វិច្ឆិកា​។

​សូមបញ្ជាក់ថា ​អាជ្ញាធរ​សមត្ថកិច្ចរបស់ប្រទេស​ម៉ាឡេស៊ី ក៏ទើបតែ​ចាប់ខ្លួន​អតីត​សកម្មជន​អតីត​គណ​ក្សស​ង្គ្រោះ​ជាតិ ២​នាក់ កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​គ្រោង​នឹង​បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​។​

លោកស្រី មូរ សុខហួរ ត្រូវបានអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បញ្ជូនចេញពីប្រទេសនៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយមានការស្នើសុំ ពីអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី។

ស្ថានទូតកម្ពុជានៅប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា លោកស្រី មូរ សុខហួរ គឺជាអនុប្រធានគណបក្សសង្រ្គោះជាតិកម្ពុជា (CNRP) ដែលត្រូវបានតុលាការកំពូលនៃប្រទេសកម្ពុជា សម្រេចរំលាយចោល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ គណបក្សលោកស្រីសព្វថ្ងៃ គឺជាបក្សខុសច្បាប់នៅកម្ពុជា។ លោកស្រី គឺជាជនល្មើសដែលរត់គេចខ្លួន ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួនលោកស្រី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ពាក់ព័ន្ធការប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលដែលជាប់ឆ្នោតស្របច្បាប់។

​ស្ថានទូតបានបន្តថា៖ ជាជាងមកប្រឈមមុខតាមផ្លូវច្បាប់ លោកស្រី មូរ សុខហួរ បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ហើយលោកស្រីកំពុងជ្រកកោននៅសហរដ្ឋអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើទៅកាន់បណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ឲ្យចាប់ខ្លួន និងបញ្ជូនលោកស្រី មូរ សុខហួរ មកកាន់ប្រទេសកម្ពុជា ប្រសិនបើលោកស្រីឈានជើង​ ជាន់ទឹកដីរបស់ពួកគេ។

លោកស្រី មូរ សុខហួរ ធ្វើដំណើរទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺផ្ដើមចេញពីអង្គការក្រៅរដ្ឋាភិបាលមួយ នៅទីនោះហៅទៅបំពេញទស្សនកិច្ច៕