ខេត្តកំពង់ឆ្នាំង សង់​​កំពង់ដ​ថ្មីមួយ នៅ ​តំបន់​អភិវឌ្ឍន៍ចុងកោះ ដើម្បី​សម្រួល​ ការ​ដឹកជញ្ជូនកសិផល​​ មកកាន់​ទីផ្សារ

888

កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមធ្វើផែកំពង់ដថ្មីមួយ នៅតំបន់អភិវឌ្ឍន៍ចុងកោះ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដើម្បីបង្កភាពងាយស្រួល ដល់ម្ចាស់ជលយាន្តចូលចត ពិសេសការដឹកជញ្ជូនកសិផលមកកាន់ទីផ្សាររបស់ប្រជាពករដ្ឋ ដែលរស់នៅតាមដងទន្លេសាប។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ចុងកោះជាតំបន់មួយកំពុងធ្វើការអភិវឌ្ឍ ដោយអាជ្ញាធរបានស្ថាបនាផ្លូវ ប្រព័ន្ធទឹក ភ្លើង និងធ្វើផ្សារថ្មីមួយយ៉ាងធំសម្រាប់ប្រជាពលរដ្ឋលក់ដូរ។ ក្រោយពីផ្សារនេះសាងសង់រួចនឹងមានកសិផលជាច្រើន ដែលកសិករនាំយកមកលក់នៅទីនេះ។

លោកអភិបាលក្រុងបានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ការចូលចត ទូក កាណូត របស់ប្រ ជាពលរដ្ឋពេលដឹកកសិផលមកលក់នៅទីផ្សារនោះ អាជ្ញាធរបានសម្រេចធ្វើផែថ្មីមួយ ដោយសារតែកន្លងទៅ យើងនៅមិនទាន់មានទីតាំងចំណតផែច្បាស់លាស់នៅឡើយ ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក ហើយការចតទូក កាណូត មានភាពរកេតរកូត គ្មានសណ្តាប់ធ្នាប់ផងដែរ។

លោក យិន សាវ៉េន បញ្ជាក់ថា រាល់ការអភិវឌ្ឍរបស់ក្រុង ត្រូវបានធ្វើឡើងដើម្បីផលប្រយោជន៍រួមជាសាធារណៈ និងមានការឯកភាព គាំទ្រពីមន្រ្តីអង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្តផងដែរ ហើយសង្ឃឹមថា ការៀបចំផែនេះរួចប្រជាពលរដ្ឋ ពិសេសប្រជាកសិករ ដែលមកចតផែនេះ នឹងសាទរនូវគម្រោងអភិវឌ្ឍន៍មួយនេះ៕

អត្ថបទ៖ ហ៊ឹង ចូច