ញូយ៉ក៖ សារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ បានសរសេរថា ទីក្រុងញូយ៉កកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ព្រោះតែការបិទរដ្ឋាភិបាល ដែលបាននិងកំពុងបង្កផលប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាជនអាមេរិក និងហាក់ដូចជាគ្មានសញ្ញាបញ្ជាក់ថា នឹងដល់ទីបញ្ចប់សោះ។
អភិបាលក្រុងញូយ៉ក លោក Bill de Blasio បានអះអាង នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ថា ដោយសារតែការបិទរដ្ឋាភិបាល ទីក្រុងញូយ៉កមិនមានថវិកាគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហានោះទេ។
លោកក៏បានព្រមានដែរថា ចាប់ថ្ងៃទី០១ ខែមីនា តទៅ បើសិនជាការបិទរដ្ឋាភិបាលនេះនៅតែបន្ត នោះញូយ៉កនឹងត្រូវខាតបង់ប្រាក់ជាង ៥០០លានដុល្លារជារៀងរាល់ខែ សម្រាប់គាំទ្រដល់កម្មវិធី ឬគម្រោងសហព័ន្ធនានា ក្នុងនោះរួមមានទាំងប្រព័ន្ធលំនៅដ្ឋាន កម្មវិធីផ្ដល់អាហារ ពេលព្រឹក និងថ្ងៃត្រង់នៅតាមសាលាជាដើមដែលនឹងអាចប៉ះពាល់ប្រជាជននៅក្នុងទីក្រុងមួយនេះ រហូតយ៉ាងតិចណាស់ ០២លាននាក់។
គួរបញ្ជាក់ថា ការបិទរដ្ឋាភិបាលដោយសារតែគម្រោងសាងសង់ជញ្ជាំងរបស់លោក ដូណាល់ ត្រាំ បានឈានចូលដល់ថ្ងៃទី២៧ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រីឯបុគ្គលិករដ្ឋជាង ៨០០,០០០នាក់ ក្នុងនោះមាន ១៨,០០០នាក់ជាបុគ្គលិករដ្ឋក្នុងទីក្រុងញូយ៉ក មានខ្លះបានដាក់ពាក្យឈប់សម្រាក ហើយខ្លះទៀតកំពុងធ្វើការដោយមិនទាន់មានប្រាក់ខែបើក៕