កម្ពុជា និង អាមេរិក កំពុង​សម្លឹងមើល​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ លើវិស័យអាកាសចរណ៍​ស៊ីវិល នាពេលអនាគត

906

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជួបពិភាក្សាការងារជាមួយលោក W Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លើការពង្រឹងកិច្ចសហការប្រតិបត្តិការវិស័យអាកាសចរស៊ីវិល នាពេលអនាគត។

ក្នុងជំនួប បានលើកនូវការងារ មួយចំនួន ដូចជា ការវិវឌ្ឍវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេលCovid-19, ការសងសង់អាកាសយានដ្ឋានអន្តរជាតិ, គួរមានការប្រើប្រាស់ប្រភេទអាកាសយាន Boeing នៅប្រទេសកម្ពុជា, ការផ្តល់សច្ចាប័ននៃការអនុវត្តអនុសញ្ញា Cape Town Convention ជាប្រយោជន៏សម្រាប់ហិរញ្ញប្បទានក្នុងការជួលអាកាសយាន និងកិច្ចព្រមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាមានការីកចម្រើនគួរឱ្យកត់សម្គាល់ រហូតដល់មានក្រុមហ៊ុនអាកាសចរណ៍ដែលបានបង្កើតឡើងនៅកម្ពជាមានចំនួន ៨។ ប៉ុន្តែដោយសាវិបត្តិជំងឺរាតត្បាលជាសកល Covid-19 កម្ពុជាក៏ដូចជាប្រទេសជាច្រើនលើពិភពលោកដែលត្រូវបានផ្អាកក្នុងគោលបំណងទប់ស្កាតជំងឺនេះ ប៉ុន្តែកម្ពុជានៅមានប្រតិបត្តិការខ្លះៗជាធម្មតា ដូចជាការបំពេញភាពជាមនុស្សធម៌ និងទំនិញជាដើម។

ចំពោះការសាងសង់អាកាសយានដ្ឋានថ្មី លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា គឺដោយសារទី១ អា​កាសយានដ្ឋានអន្តរជាតិភ្នំពេញមានលក្ខណៈតូចចង្អៀត និងមានទីតាំងមិនអំណោយផល ពោលគឺនៅកៀកក្រុងពេក ហើយព្រលាន ត្រូវវិនិយោគដោយក្រុមហ៊ុនកូនខ្មែរក្នុងស្រុក និងទី២ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ក៏មានលក្ខណៈតូចចង្អៀតដែរ ជាពិសេសស្ថិតនៅជិតអង្ករវត្ត ដែលមានការការពារពី UNESCO ហើយក្រុមហ៊ុននេះ វិនិយោគដោយក្រុមហ៊ុនយូណានមកពីប្រទេសចិន និងទី៣ ចំពោះអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គឺទុកលទ្ធភាពជូនក្រុមហ៊ុន SCA/VINCI ធ្វើការវិនិយោគពង្រីកបន្ថែមកម្រិតថ្នាក់4E ហើយនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២។

ដោយឡែក ចំពោះបំណងចង់ឱ្យមានការប្រើប្រាស់ប្រភេទអាកាសយានប៊ូអ៊ីងនៅកម្ពជា លោក រដ្ឋមន្ត្រី សូមស្វាគមន៍ និងសូមឱ្យក្រុមហ៊ុន Boeing មកសហការ និងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់។ ចំពោះ លោកផ្ទាល់ ក៏ពេញចិត្តធ្វើដំណើរតាមប្រភេទយន្តហោះ Boeing ដែរ ជាពិសេស ប្រភេទយន្តហោះ B777 ដែលផ្តល់ផាសុកភាពក្នុងការធ្វើដំណើរ។

ជាមួយគ្នានេហ លោករដ្ឋមន្ត្រី ក៏មិនជំទាស់ចំពោះសំណើគិតគូរអនុសញ្ញា Cap Town Convention តែលោក ក៏ស្នើឱ្យលោកឯកអគ្គរដ្ឋទូត ផ្តល់អ្នកប្រឹក្សា និងជំនួយបច្ចេកទេសក្នុងដំណើរការនេះ។

ដោយឡែក ចំពោះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសវិញ គឺរហូតមកទល់ពេលនេះ កម្ពុជា បានចុះហត្ថលេខាទាំងទ្វេភាគី និងពហុភាគីបានចំនួន ៤៤ប្រទេស ហើយក្នុងនោះជាមួយអាស៊ានមាន ៦កិច្ចព្រមព្រៀងពហុភាគី។ ជាមួយសហរដ្ឋអាមេរិក កម្ពុជា បានជួបពិភាក្សាគ្នាតាំងពីឆ្នាំ២០១៤ ហើយមានចំនុចឯកភាពគ្នាច្រើន លើកលែងតែ ពាក្យនិយមន័យ ទឹកដី និងការស្នើសុំធ្វើសេវាកម្មផ្ទៃដីដោយភាគីអាមេរិកផ្ទាល់ខ្លួនឯង។ ចំនុចនេះ លោក រដ្ឋមន្ត្រី នឹងពិនិត្យពន្លឿន ហើយសេវាកម្មផ្ទៃដីគួរក្រុមហ៊ុនអាមេរិក មកធ្វើការពិភាក្សាផ្ទាល់ជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន BOT ដោយអាកាសចរណ៍ស៊ីវិល ចាំជួយសម្រួលសម្រួលជូន។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានកោតសសើរយ៉ាងខ្លាំងចំពោះការវិវឌ្ឍរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ លោក អះអាងថា នឹងឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក មកពិភាក្សាដោយផ្ទាល់ជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា ក្រោមកិច្ចសម្របសម្រួលពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវីល ព្រមទាំងនឹងរៀបចំអ្នកទំនាក់ទំនងមករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជំនួយបច្ចេកទេសសម្រាប់ការផ្តល់សច្ចាប័នអនុសញ្ញា Cap Town៕