ក្រសួងទេសចរណ៍ អំពាវនាវ​ដល់​ម្ចាស់សណ្ឋាគារ និង​ផ្ទះសំណាក់ យក​ឱកាសកូវីដ កែលម្អ​គុណភាព ត្រៀមខ្លួន​ក្រោយចប់វិបត្តិ

815

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យយកឱកាសកូវីដ១៩ ធ្វើការកែលម្អគុណភាពឱ្យប្រសើរឡើង ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិ នៅពេលខាងមុខនេះ។

ក្រសួងទេសចរណ៍ បានអះអាងថា ខ្លួនមានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩ ស្របតាមយុទ្ធនាការ «Stay Home Today, Travel Tomorrow»។ ក្នុងបរិបទនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានតម្រូវការកាន់តែខ្ពស់នូវគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍។

ក្នុងដំណាក់កាលអន្តរកាលនៃការរង់ចាំស្ថានភាពថយចុះនៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេស​ចរណ៍ទាំងអស់ ត្រៀមលក្ខណៈសម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន និងលើកទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំង​ឡាយ ដែលបានធ្វើប្រតិបតិ្តការអាជីវកម្មចាប់ពី១០ឆ្នាំឡើងទៅ គួរឆ្លៀតក្នុងឱកាសនៃវិបត្តិជំងឺឆ្លងនេះ កែលម្អជួសជុល ក្នុងករណីជាយថាហេតុណាមួយ ដើម្បីបង្កើនគុណភាព និងដូចជាលក្ខណៈសម្បត្តិដើម្បីអាចបង្កើនលទ្ធភាពទទួលបានការវាយតម្លៃចំណាក់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ក្នុងកម្រិតប្រសើរជាងមុន (កើនលំដាប់ផ្កាយ)។

ក្រៅពីនេះ ក្រសួងទេសចរណ៍ ក៏បានឱ្យម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ អាចស្វែងយល់អំពីប្រព័ន្ធចំណាត់ថ្នាក់នេះ ព្រមទាំងអាចធ្វើការវាយតម្លៃសាកល្បង (Pre-Assessment) តាមរយៈគេហទំព័រ www.Cambodiatourismrating.org/kh ផងដែរ៕

ដោយ៖ គង់ ប៊ុនណា