កាលពីមុន អ្នកមានចំការកៅស៊ូតែ ពី៣ ទៅ ៥ហិតា រីកមុខ រីកមាត់ សង់ផ្ទះថ្មី ទិញម៉ូតូឲ្យកូន និងឡានជិះទៅមើលចំការរបស់ខ្លួន ជារៀងរាល់ថ្ងៃ ហើយគេតែពោលពាក្យចំពោះអ្នកមានចំការកៅស៊ូថា “ស្លឹកកៅស៊ូ ជ្រុះប៉ុណ្ណា លុយប៉ុណ្នឹង”។
ពេលវេលាល្អៗទាំងនេះ មិនបានស្ថិតស្ថេរនោះទេ ក្នុងមួយរយៈក្រោយមកនេះ អ្នកមានចំការកៅស៊ូ ទាំងតូចទាំងធំ ក្រុមហ៊ុនចំការកៅស៊ូ រួមទាំងរោងចក្រកែច្នៃកៅស៊ូ ធ្វើមុខស្អុយ មិនចង់ទៅចំការរបស់ខ្លួន ដូចកាលពីមុននោះទេ។
ពីមុនអ្នកមានចំការកៅស៊ូ ចេញពីផ្ទះដាក់លុយក្នុងថង់ លុះដល់ត្រលប់មកវិញលុយច្រកបេ ឬការ៉ុង ទឹកមុខញញឹមញញែម តែនៅពេលនេះ ចេញពីផ្ទះដាក់លុយក្នុងថង់ មកវិញដៃទទេ ឬស្ទើរតែមិនរួចខ្លួន មុខមិនរីកព្រោះតែតម្លៃកៅស៊ូ បានធ្លាក់ចុះរហូតមកដល់ពេលនេះ រហូតដល់អ្នកខ្លះ កាប់ចំការកៅស៊ូរបស់ខ្លួនចោល ទៅដាំដំណាំអ្វីផ្សេង ឬអ្នកខ្លះមិនចៀរយកជ័រទេ គឺទុកចោល ឬលែងយកចិត្តទុកដាក់តទៅទៀត រងចាំមើលស្ថានភាពទីផ្សារក្រែងងើបឡើងវិញ។
បើយោងតាមការឲ្យដឹង របស់ប្រធានសមាគមអ្នកអភិវឌ្ឍន៍ កៅស៊ូកម្ពុជា លោក ម៉ែន សុភ័ក្រ ប្រាប់ទៅសារព័ត៌មានក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះថា នៅពេលបច្ចុប្បន្នតម្លៃជ័រកៅស៊ូ នៅលើទីផ្សារអន្តរជាតិចុះថ្លៃខ្លាំង មកនៅត្រឹមតែជាង១,៣០០ដុល្លារក្នុង១តោន ខណៈថ្លៃដើមនៃការដាំដុះ និងការកែច្នៃកៅស៊ូក្រែបកម្ពុជា (កៅស៊ូ ប្រភេទ CSR) ត្រូវចំណាយរហូតដល់ទៅជិត ១,៦០០ដុល្លារក្នុង១តោន ដូច្នេះហើយធ្វើឲ្យអ្នករកស៊ីលើការដាំដុះ និងកែច្នៃកៅស៊ូ ដើម្បីនាំចេញមិនទទួលបានផលចំណេញឡើយ។
លោក ម៉ែន សុភ័ក្រ បានបន្តទៀតថា ក្រុមហ៊ុនដែលបានបោះទុនវិនិយោគ ដ៏ច្រើនសន្ធឹកសន្ធាប់រួចមកហើយនោះ ចេះតែបន្តការខិតខំប្រឹងប្រែងទាំងខាតបង់ ដើម្បីមុខមាត់ក្រុមហ៊ុន ហើយជាពិសេស ដើម្បីបន្តលើស្ទួយវិស័យកសិឧស្សាហកម្មរបស់ជាតិ។
លោក ម៉ែន សុភ័ក្រ បានអះអាងថា តម្លៃកៅស៊ូ នៅលើទីផ្សារអន្តរជាតិ ធ្លាក់ចុះហើយ មកថែម ការរត់ពន្ធជ័រកៅស៊ូ ដែលមិនទាន់កែច្នៃ ពីសំណាក់ឈ្មួញកណ្តាលទៀត បានធ្វើឲ្យ វិស័យកៅស៊ូកម្ពុជា កាន់តែដុនដាបធ្ងន់ធ្ងរមួយកំរិតថែមទៀត ព្រោះអ្នកកែច្នៃកៅស៊ូ មានកាព្វកិច្ចត្រូវបង់ពន្ធជូនរដ្ឋគ្រប់បែបយ៉ាងស្របតាមច្បាប់ ដូច្នេះអ្នកកែច្នៃកៅស៊ូ មិនមានលទ្ធភាពទិញជ័រកៅស៊ូមិនទាន់កែច្នៃ (ជ័រទឹក ជ័រចាន) ក្នុងតម្លៃប្រកួតប្រជែង ជាមួយឈ្មួញកណ្តាល ដែលរត់ពន្ធឆ្លងដែនខុសច្បាប់នោះឡើយ ព្រោះការចំណាយរបស់ខ្លួន មានវិសាលភាពធំជាង ដែលអាចបង្ខំចិត្តត្រូវបិទទ្វាររោងចក្រ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ដំណាំកៅស៊ូធម្មជាតិ សម្រេចបានជាង ៤៣៦ពាន់ហ.ត ក្នុងនោះកៅស៊ូកសិ-ឧស្សាហកម្មជាង ២៧៥ពាន់ហ.ត និងកៅស៊ូគ្រួសារ ១៦១ពាន់ហ.ត។ ផ្ទៃដីកៅស៊ូចៀរជ័រចំនួន ២០២ពាន់ហ.ត ផលកៅស៊ូសម្រេចបានចំនួន ២២០ពាន់តោន។
បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូល ជិត៣០០លានដុល្លារអាមេរិក ដោយបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបចំនួន ២១៧,៥០០តោន បានកើនឡើងចំនួន២៨,៦៦៧តោន ស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។ សម្រាប់តម្លៃ ជ័រកៅស៊ូជាមធ្យម ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨កន្លងទៅនេះ មានតម្លៃ១,៣១៩ដុល្លារ ក្នុង១តោន តម្លៃនេះ បានធ្លាក់ចុះ២៦២ដុល្លារ ក្នុង១តោន ស្មើនឹង១៧ភាគរយ។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ត្រូវបន្តបណ្តុះបណ្តាលនិងផ្សព្វផ្សាយបច្ចេកវិទ្យាដំណាំកៅស៊ូដល់កសិករដាំកៅស៊ូឱ្យបានច្រើនថែមទៀត ត្រូវបន្តពង្រីកសហគមន៍ កៅស៊ូគ្រួសារ ដើម្បីការពារផលប្រយោជន៍កសិករនៅ ពេលលក់ផលិតផលកៅស៊ូទាំងនោះ។ បន្តជំរុញការវិនិយោគលើការកែច្នៃផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។
ប្រសាសន៍របស់សម្ដេច ជាចក្ខុវិស័យមួយដ៏ល្អ នៅក្នុងវិស័យដាំណាំកៅស៊ូ ដែលត្រូវតែបន្តអនុវត្ត តែគេពុំទាន់ឃើញមាន ផែនការលម្អិតណាមួយ បញ្ជាក់ថា តើរដ្ឋាភិបាល នឹងចូលរួមជួយលើកស្ទួយ ចំពោះវិស័យដំណាំកៅស៊ូនៅកម្ពុជា តាមរបៀបណានៅឡើយនោះទេ ដើម្បីឲ្យទទួលបានផលទាំងកសិករដាំដំណាំកៅស៊ូ ជាលក្ខណៈគ្រួសារ ទាំងក្រុមហ៊ុនដាំដំណាំកៅស៊ូ និងកែច្នៃកៅស៊ូ?
សូមរងមេត្តារងចាំអានបន្តទៀត ចំពោះការស្នើសុំទៅកាន់រដ្ឋាភិបាល ពីសមាគមអ្នកអភិវឌ្ឍន៍ កៅស៊ូកម្ពុជា ដើម្បីយិតយោងវិស័យដំណាំកៅស៊ូ នៅកម្ពុជា៕