អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអឺរ៉ុប សម្រាប់ការសិក្សាអាស៊ី (EIAS) លោកស្រី Cindy Cao បានលើកឡើងថា ដើម្បីដោះស្រាយភាពជាប់គាំង និង ចៀសវាងការបញ្ចប់លទ្ធភាពទទួលបាន EBA របស់កម្ពុជា គឺត្រូវផ្តល់សម្បទានឲ្យគ្នាទៅវិញទៅមក រវាងលោក សម រង្ស៊ី និងគណបក្សកាន់អំណាច។
លោកស្រីបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា បញ្ហាហាក់បីដូចជា ការតស៊ូរវាងបុគ្គល ដើម្បីអំណាច ជាជាងការប្រកួតប្រជែងនយោបាយ រវាងក្រុម និងក្រុម តាមរយៈការបញ្ចេញគំនិតផ្សេងគ្នា។
គួររំម្លឹកផងដែរថា ក្រុមមន្ត្រីជាន់ខ្ពស់មកពីផ្នែកកិច្ចការក្រៅប្រទេស របស់សហភាពអឺរ៉ុប និងអគ្គនាយកដ្ឋានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប កំពុងធ្វើទស្សនកិច្ចរយៈពេល ២ ថ្ងៃមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី២០ ខែមីនានេះ ដែលជាផ្នែកមួយនៃដំណើរការពិនិត្យនិងតាមដាន សម្រាប់នីតិវិធីដក EBA ពីប្រទេសកម្ពុជា បន្ទាប់ពីសហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីនេះរបស់ខ្លួន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅមុនពេលគណៈប្រតិភូរបស់សហភាពអឺរ៉ុប មកធ្វើទស្សនកិច្ច លោក សម រង្ស៊ី បានសរសេរលិខិតរំឭក លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ឲ្យសហភាពអឺរ៉ុបប្រកាន់ខ្ជាប់ឲ្យបានម៉ឺងម៉ាត់ នូវផែនការក្នុងការជួយស្តារប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។
មិនខុសពីពេលមុនៗ លោក សម រង្ស៊ី បានធ្វើការទាមទារ តែ២ចំណុចប៉ុណ្ណោះ នៅក្នុងចំណោម ៥ចំណុចកាលពីលើកមុន គឺឲ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ និងដោះលែងលោក កឹម សុខា។

អ្នកវិភាគនយោបាយចាស់វស្សា នៅក្នុងស្រុក លោក ឡៅ ម៉ុងហៃ ថា រដ្ឋាភិបាលអាចពិចារណាចំពោះការទាមទារ ឲ្យមានការដោះលែងលោក កឹម សុខា ប៉ុន្តែការទាមទារផ្សេងទៀតមិនអាចទៅរួចនោះទេ។
ចំណែកអ្នកវិភាគនយោបាយ នៅឯនាយសមុទ្រវិញ លោក សុខ សុគន្ធ បានលើកឡើងមិនខុសគ្នាប៉ុន្មានពីលោក ឡៅ ម៉ុងហៃ ថាអាចទៅរួចចំពោះ ការដោះលែងលោក កឹម សុខា និងការផ្ដល់សម្បទាធ្វើនយោបាយឡើងវិញ របស់មន្ត្រី ១១៨ នាក់ដែលត្រូវបានហាមប្រាមមិនឲ្យធ្វើនយោបាយ។
អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ សរុបទាំងអស់ចំនួន ៩រូបហើយ ព្រោះកាលពីម្សិលមិញ ថ្ងៃទី១៨ ខែមីនាកន្លងទៅនេះ អតីតតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ចំនួន០៥រូបផ្សេងទៀត បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ រួមាន ១៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី២៖ លោកស្រី ទេព សុទ្ធី ទី៣៖ លោក កង គឹមហាក់, ទី៤៖ លោក ជីវ កត្តា និង ទី៥៖ លោក ច័ន្ទ សិលា។

ខណៈដែលលោក សម រង្ស៊ី មិនអាចហាមឃាត់ សមាជិករបស់បក្សខ្លួនឯងបាន ចំពោះការស្នើសុំនេះ លោកបានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយចាត់ទុកអ្នកដែលដាក់ពាក្យស្នើសុំទាំងនោះថា ជាអ្នកទៅចុះចូល និងគាំទ្រ សម្ដេច ហ៊ុន សែន និងលក់ឧត្តមគតិរបស់ខ្លួន ទៅឲ្យសម្ដេច ហ៊ុន សែន ឆាប់ពេក។

តែទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការតតាំងលុះដល់ទីបំផុត ចំពោះជោគវាសនា នៃការដក ឬមិនដាក់ EBA ពីប្រទេសកម្ពុជា របស់សហភាពអឺរ៉ុប ដោយបានដាក់ចេញជាបន្តបន្ទាប់ នូវយុទ្ធសាស្ត្រប្រកួតប្រជែង និងលើកទឹកចិត្ត ដើម្បីទាក់ទាញវិនិយោគ ជាពិសេសកំពុងរៀបចំប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួន ទៅជាសេដ្ឋកិច្ចឌីជីថលផងដែរ៕