ការនាំចូល ត្រីឆ្ពង់ ពីវៀតណាម និងថៃ យ៉ាងគំហុក កំពុងគំរាមកំហែង ដល់អ្នកចិញ្ចឹមត្រី​ក្នុងស្រុក

736

កោះកុង៖ កសិករចិញ្ចឹមត្រីឆ្ពង់ នៅខេត្តកោះកុង កំពុងព្រួយបារម្ភពីការក្ស័យធនមុខរបររបស់ខ្លួន ខណៈដែលការនាំចូលត្រីប្រភេទនេះពីប្រទេសជិតខាងយ៉ាងគំហុកកំពុងវាយលុកទីផ្សារក្នុងស្រុក។

ការធ្លាក់ចុះនៃការបញ្ជាទិញនាពេលនេះ ធ្វើឱ្យប្រជាកសិករម្ចាស់ស្រែចិញ្ចឹមត្រី កាន់តែព្រួយបារម្ភរឿងបាត់បង់ប្រាក់ចំណូល ខណ:ផលត្រីសល់រាប់ពាន់ក្បាលក្នុងស្រែ និងនៅតាមបែ ស្ថិតនៅតាមបណ្តោយព្រែកកោះប៉ោ ក្នុងទឹកដីស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បន្ថែមពី លើនេះត្រីកាន់តែឡើងទម្ងន់ហួសតម្រូវការទីផ្សារ ចំណែកការចំណាយថ្លៃចំណី និងថែទាំអស់កាន់តែច្រើនឡើង។

កសិករចិញ្ចឹមត្រីឆ្ពង់លក្ខណៈគ្រួសារជាច្រើនបានឱ្យដឹងថា បញ្ហាវិបត្តិជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ដល់ការបញ្ចេញត្រីរបស់ពួកគាត់ នៅក្នុងរដូវរៀបអាពាហ៍ពិពាហ៍ និងបុណ្យទាន ដែលធ្លាប់មានតម្រូវការខ្ពស់ ប៉ុន្តែឆ្នាំនេះលក់ចេញបានតិចតួចប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាបន្ទុកធ្ងន់បន្ថែមពីលើនេះ គឺបញ្ហាត្រីនាំចូលពីប្រទេសថៃ និងវៀតណាម លក់ក្នុងតម្លៃថោកពិបាកប្រ កួតប្រជែង។

លោក សេង ចន្ថា ម្ចាស់បែចិញ្ចឹមត្រីឆ្ពង់ ស្ថិតក្នុងភូមិ២ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឱ្យដឹងថា លោកចង់តែបិទអាជីវកម្មនេះចោលទេ ខណៈការប្រកួតប្រជែងនៅលើទីផ្សារនាពេលនេះ ត្រូវទទួលហុមព័ទ្ធដោយការហូរចូលត្រីដូចគ្នាពីប្រទេសជិតខាងយ៉ាងគំហុក ឈានដល់មានកសិករជាច្រើនក្ស័យធន ព្រោះតែជាប់កម្ចី និងរត់មិនរួចពីការបង់ការប្រាក់ធនាគារ។

លោកបានបន្តថា ក្រៅពីការនាំចូលត្រីពីក្រៅប្រទេស ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលអ្នកចិញ្ចឹមត្រីនៅទីនេះធ្លាប់បានជួបប្រទះនាពេលកន្លងមក នោះគឺ «ជំងឺ២ប្រភេទបានវាយលុក» ទី១គឺ «ចៃសមុទ្រស៊ីស្រកាត្រី» គ្រាដែលទឹកប្រែប្រួលសភាពធ្លាក់កម្រិតជាតិប្រៃក្នុងរដូវភ្លៀង និងទី២គឺ «ជំងឺដៃរណារ» ជាប្រភេទជំងឺដែលកាចសាហាវខ្លាំងក្លាបំផុត ជំងឺប្រភេទនេះអាចសម្លាប់ត្រីបានដោយការស៊ីរំអិល ជំងឺទាំង២ប្រភេទនេះ បានវាយលុកមកលើកសិករចិញ្ចិមត្រីរៀងរាល់ឆ្នាំពុំដែលអាក់ខានឡើយ ដែលផ្តើមឡើងពីខែ មិថុនា ដល់ ខែសីហា ដែលបញ្ហានេះកាន់តែបន្ថែមបន្ទុកដល់អ្នកចិញ្ចឹមត្រីនៅខេត្តកោះកុង។

កសិកររូបនេះបានបន្តទៀតថា៖ «ឆ្លៀតឱកាសដែលប្រជាកសិករក្នុងខេត្តកោះកុងយើង កំពុងជួបវិបត្តិដ៏ធ្ងន់ធ្ងរ និងខ្វះបច្ចេកទេសក្នុងការផលិត ធ្វើឱ្យប្រទេសថៃ និងវៀតណាម ងាយស្រួល នឹងវាយលុកទីផ្សារក្នុងទឹកដីរបស់យើង ហើយពួកគេថែមទាំងបង្កើនបច្ចេកទេស និងការផលិតកាន់តែខ្លាំងឡើង»។

លោក សេង ចន្ថា បាននិយាយថា ដើមឡើយប្រទេសថៃ និងវៀតណាម ធ្លាប់បានបញ្ជាទិញត្រីឆ្ពង់យ៉ាងច្រើនលើសលប់ពីខេត្តកោះកុងមិនដូចបច្ចុប្បន្ននេះទេ សូម្បីតែកូនត្រីឆ្ពង់ ក៏ត្រូវទិញមកប្រទេសថៃដែរ ក្នុងតម្លៃ ១ក្បាល ចាប់ពី ៨០០រៀល ទៅ១.២០០រៀល យកមកចិញ្ចឹមបន្តក្នុងរយៈពេលប្រមាណជាង ៨ខែ ទើបអាចប្រមូលផលបាន ដោយឡែកចំពោះពូជកូនត្រីឆ្ពង់របស់ខាងអង្គការសេដាក នៅពុំទាន់បានបំពេញតម្រូវការដល់ប្រជាកសិករបានគ្រប់គ្រាន់នៅឡើយ។

លោកបានបន្ថែមថា ពេលនេះកសិករចិញ្ចឹមត្រីឆ្ពង់ស្ទើរតែបាត់ទំនុកចិត្តអស់ទៅហើយ ក្នុងការប្រកួតប្រជែងដណ្តើមទីផ្សារត្រឡប់មកវិញ ប្រសិនបើគ្មានការជួយពីអាជ្ញាធរ និងមន្ត្រីជំនាញក្នុងការទប់ស្កាត់ការនំាចូលត្រីពីប្រទេសជិតខាង ដែលលក់ក្នុងតម្លៃថោកប្រហែល ១២.០០០រៀល ក្នុង១គីឡូក្រាម ខណៈត្រីកសិករចិញ្ចឹមក្នុងស្រុកថ្លៃ ១៤.០០០រៀល ក្នុង១គីឡូក្រាម។

បច្ចុប្បន្នលោក សេង ចន្ថា កំពុងស្នើឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយ និងទីផ្សារសម្រាប់ការលក់ចេញនូវទិន្នផលត្រីឆ្ពង់សមុទ្ររបស់កសិករ ខណៈរូបគាត់បានប្រឈមខ្លាំងនឹងការក្ស័យធន ពោលគឺរង់ចាំតែថ្ងៃបិទអាជីវកម្មមួយនេះក្នុងពេលណាមួយប៉ុណ្ណោះ៕

អត្ថបទ៖ តាំង សុន្នី