«ផ្សិតប៉ក់» ផ្តល់ចំណូលប្រហែល ១១ម៉ឺនដុល្លារ ដល់ពលរដ្ឋនៅ សហគមន៍ ខេត្តព្រះវិហារ

1177

ព្រះវិហារ៖ «ផ្សិតប៉ក់» បានផ្តល់ចំណូលប្រហែល ១១ម៉ឺនដុល្លារ ដល់ពលរដ្ឋរស់នៅសហគមន៍តំបន់កាពារធម្មជាតិព្រៃក្តារនៃដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព នៃខេត្តព្រះវិហារ។ នេះបើតាមការឱ្យដឹងពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

លោក សាយ សំអាល់ បានឱ្យដឹងយ៉ាងខ្លីថា តាមកំណត់ត្រារបស់អ្នកប្រមូលទិញក្នុងសហគមន៍ គិតចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០, ការប្រមូលផ្សិតប៉ក់ ជាមធ្យមមួយគ្រួសារប្រមូលបានប្រមាណ ១៣៣គីឡូក្រាម និងលក់បានប្រាក់ជាមធ្យម ៣៩៩០.០០០រៀល គឺជិត ១០០០ដុល្លារ។ បើគិតជាចំណូលរួមក្នុងសហគមន៍តែម្តង ប្រហែល ១១ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា «ផ្សិតប៉ក់» ជាប្រភេទរុក្ខជាតិម្យ៉ាង ដែលពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋប្រទេសមួយចំនួនទៀតនិយមយកទទួលទានដោយកែច្នៃចេញជាមុខម្ហូបច្រើនមុខ តាមតែអាចធ្វើទៅបាន។ ក្នុងនោះ ផ្សិតខ្លះមានការដាំតាមកសិដ្ឋាន ដោយប្រើបច្ចេកទេសឲ្យស្របតាមធម្មជាតិ ហើយផ្សិតខ្លះទៀតគេត្រូវតែស្វែងរកតាមគុម្ពោធព្រៃនានា តាមសណ្ឋានដីដែលវាត្រូវដុះ។ ផ្សិតប៉ក់នេះ ត្រូវបានប្រជាពលរដ្ឋអះអាងថា មានរស់ជាតិឆ្ងាញ់ចម្លែក គឺដូចជាគ្រាប់ផ្លែខ្នុរអ៊ីចឹងដែរ ហើយតម្លៃថ្លៃគួរសម។

ផ្សិតប៉ក់ វាចាប់ផ្តើមដុះក្នុងអំឡុងខែមេសា និងឧសភា ហើយពលរដ្ឋតែងនាំគ្នាដកដើម្បីធ្វើម្ហូប និងលក់។ ផ្សិតប្រភេទនេះ តែងដុះនៅក្នុងព្រៃ និងស្មៅក្រាស់ៗដែលមានសភាពដីសើមជាប់រហូត ហើយវាដុះផ្តុំគ្នា ក្នុង១គុម្ពមានច្រើន៕