ក្រសួងកសិកម្ម នឹង​ផ្តល់​ហិរញ្ញវត្ថុ​គាំទ្រ​ដល់​កសិករ​ជាង ៦០០០គ្រួសារ សម្រាប់​ពង្រីក​ គម្រោង​ចិញ្ចឹម​ត្រីអណ្តែង និង ​កង្កែប

808

ព្រៃវែង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្នុងស្ថានភាពដែលមានការ ប៉ះពាល់ជាសកលបង្កដោយជំងឺកូវីដ១៩ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការការគាំទ្រហិរញ្ញប្បទានជាបឋមចំនួនប្រមាណជាង ៤,៦៨លានដុល្លារអាមេរិក ដើម្បីចាប់ផ្តើមសកម្មភាព ចុះជួយដល់កសិករជាង ៦០០០គ្រួសារ បន្ថែមទៀត។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់នៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន កាលពីម្សិលមិញថា ហិរញ្ញប្បទាននេះ គឺក្រសួងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលឆ្នាំ ២០១៥-២០២៤ និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្មនៃប្រទេសកម្ពុជាឆ្នាំ ២០១៦-២០៣០ ជាពិសេស សារាចរណែនាំ ស្តីពីការបង្កើនយុទ្ធនាការជំរុញផលិតកម្មកសិកម្ម។

លោករដ្ឋមន្ត្រីបានលើកឡើងថា ចំពោះថវិកាឧបត្ថម្ភដោយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់តាមរយៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសម្រេចគាំទ្រគម្រោងចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ប្លាស្ទីកដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលនៅខេត្តចំនួន១០ រួមមាន៖ ខេត្តរតនគីរី មណ្ឌលគីរី ព្រះវិហារ ឧត្តរមានជ័យ កំពត ព្រះសីហនុ ត្បូងឃ្មុំ ស្វាយរៀង កំពង់ស្ពឺ និងខេត្តប៉ៃលិន។ កញ្ចប់ថវិកាពិសេសចំនួន ២០០០ពាន់លានរៀល (៥០ម៉ឺនដុល្លារ) ផ្តោតលើសកម្មភាពសំខាន់ដូចជា៖ ការចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទីក ចំនួន ១០០០គ្រួសារកសិករ, ការចិញ្ចឹមកង្កែបក្នុងតង់ប្លាស្ទីក ចំនួន ៧០០គ្រួសារកសិករ និងពង្រឹងសមត្ថភាពកសិករផលិតកូនត្រីពូជ (ដោយផ្តល់អ័រម៉ូន ចំណី និងកូនត្រីពូជ) ចំនួន ៥០គ្រួសារកសិករ។

លោកបន្តថា ចំពោះថវិកាឧបត្ថម្ភដោយអង្គការដៃគូអភិវឌ្ឍន៍ តាមរយៈកម្មវិធីជម្រុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកវារីវប្បកម្មនៅកម្ពុជា (Cap-Fish-វារីវប្បកម្ម) ដែលឧបត្ថម្ភថវិកាដោយ EU និងគ្រប់គ្រងដោយភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានអនុម័តលើការគាំទ្រគម្រោងជំរុញវារីវប្បកម្មតាមជនបទ ឆ្លើយតបនឹងជំងឺរាតត្បាតជំងឺកូវីដ ១៩ (Covid 19) ដែលមានរយៈពេល១ឆ្នាំ។

គម្រោងនេះមានទឹកប្រាក់សរុបប្រមាណជាង ១,១២លានដុល្លារ ដែលផ្តោតលើការគាំទ្រការចិញ្ចឹមត្រីអណ្តែង ចំនួន ១០០០គ្រួសារកសិករ និងកង្កែប ១០០០គ្រួសារកសិករ និងគាំទ្រកសិករផលិតកូនត្រីអណ្តែងចំនួន ២០គ្រួសារ និងកសិករផលិតកូនកង្កែបចំនួន ៣៥គ្រួសារ និងក្នុងខេត្តគោលដៅចំនួន ១០ខេត្ត រួមមាន៖ ខេត្តតាកែវ កំពង់ចាម បាត់ដំបង សៀមរាប ពោធិ៍សាត់ ព្រៃវែង កណ្តាល កំពង់ឆ្នាំង កំពង់ធំ និងបន្ទាយមានជ័យ។

លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា រដ្ឋបាលជលផលបានដាក់សំណើរគម្រោង “ការពង្រឹងវារីវប្បកម្មកម្ពុជា នាអំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងឺកូវីដ ១៩ (Covid 19)” នៅក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម ដែលឧបត្ថម្ភដោយហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WorldBank) ដែលមានទឹកប្រាក់សរុបជាង ៣លានដុល្លារ។

គម្រោងនេះ នឹងអនុវត្តជួយផ្តល់បច្ចេកទេសចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ប្លាស្ទីកចំនួន ២០០០គ្រួសារកសិករ និងជួយឧបត្ថម្ភដល់កសិករផលិតខ្នាតមធ្យម ចំនួន ២៦០គ្រួសារកសិករ។ ហើយគម្រោងនេះ គឺធ្វើនៅក្នុងខេត្តគោលដៅចំនួន ១២ខេត្ត រួមមាន៖ ខេត្តកំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ៕

អត្ថបទ៖ សៀម ប៊ុនធី