កម្ពុជា ស្នើឱ្យក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជា ក្នុងវិស័យឧស្សាហកម្ម និង កែច្នៃផលិតផលកសិកម្ម

540

ភ្នំពេញ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយសមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) ដើម្បីពិភាក្សាការងារទាក់ទងនឹងការវិនិយោគរបស់ជប៉ុន នៅកម្ពុជា។

ក្នុងជំនួប លោករដ្ឋមន្ត្រី បានជម្រាបជូនពីការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ ក៏ដូចជាទាក់ទាញវិនិយោគ។ តាមរយៈការអនុវត្តគោលនយោបាយ ក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងជប៉ុនជាភាគី នឹងបញ្ចប់ និងឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំនេះ។

លោក រដ្ឋមន្ត្រី បញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជា ក៏កំពុងតែឈានទៅរកការធ្វើឧស្សាហនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក។ ដូចនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

ជាការឆ្លើយតប សមាគម JBAC បានទទួលយកសំណើរបស់លោករដ្ឋមន្ត្រី ហើយក៏បានជម្រាបថា ក្រុមហ៊ុនជប៉ុន នៅតែមានបំណងពង្រីក និងមកវិនិយោគបន្ថែមនៅកម្ពុជា ហើយសមាគមនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញវិនិយោគិនទាំងនោះមកកម្ពុជា៕