ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំពាណិជ្ជកម្មសរុបបានកើនឡើងក្នុងទំហំ ៣៧% ក្នុងឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានតម្លៃប្រមាណពីជាង ៤ពាន់លានដុល្លារដល់ ៥,៨ពាន់លានដុល្លារ។ នេះបើតាមការឱ្យដឹងពីក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមពិធីអបអរសាទរខួបលើកទី ២៤៤ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រទេសទាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់ងារ USAID នៅឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន ៥៦លានដុល្លារ សម្រាប់គាំទ្រវិស័យសុខាភិបាល ការអប់រំ កសិកម្ម និងបរិស្ថាន។ ទន្ទឹមនឹងនោះដែរ សហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលគិតជាទឹកប្រាក់ចំនួន ១១លានដុល្លារ ផងដែរ ក្នុងការជួយកម្ពុជាដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសុខភាពរបស់ប្រជាជនកម្ពុជា។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ផងដែរអំពី ការដាក់ចេញនូវប្រធានបទចំនួន ១២ផ្សេងគ្នា នៃវិភាគទានរបស់សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដែលធ្វើទ្បើងក្នុងពេលប្រារព្ធខួបលើកទី ៧០ជាផ្លូវការនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រវាងលោក ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកឋ Murphy ។
ក្រៅពីទំនាក់ទំនងពាណិជ្ជកម្ម ប្រទេសទាំងពីរបានសហការគ្នាធ្វើកាលពីពេលថ្មីៗនេះ ដូចជា ការភ្ជាប់ចំណងរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្អែកលើការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងការគោរពគ្នា ក៏ដូចជាបន្តពង្រឹងថែមទៀតនូវទំនាក់ទំនងប្រទេសទាំងពីរ។
ក្រៅពីនោះ កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលមានគោលបំណងពង្រឹង និងបង្កើនដំណើរផ្លាស់ប្តូរទស្សនកិច្ច នៃសមាជិកសមាជិកាសភានិងបុគ្គលិកសភាអាមេរិក និងមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្សេងទៀតមកកម្ពុជា សំដៅឲ្យយល់ងដឹងកាន់តែច្បាស់អំពីវប្បធម៌ និងសង្គម នៃប្រទេសកម្ពុជា៕
ដោយ៖ គង់ ប៊ុនណា